អត្ថបទទស្សនៈវិភាគ៖ តើថៃពិតជាចង់ឱ្យពិភពលោកកត់ត្រាថាជាប្រទេសរំលោភសិទ្ធិមនុស្សនិងជារដ្ឋភេរវកម្មមែនទេ?

ចែករំលែក៖

ភ្នំពេញ ៖ ការដាក់បន្លាលួសព័ទ្ធយកដី និងគំរាមបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិដ្ឋាននៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាសកម្មភាពរំលោភសិទ្ធិមនុស្សនិងបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ សកម្មភាពដ៏គឃ្លើននេះបាននិងកំពុងស្ថិតក្រោមក្រសែរភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីអាមេរិក Donald Trump នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ។

នៅពេលដែលអ្នកភូមិចេញតវ៉ា ដើម្បីការពារផ្ទះសម្បែង និងដីធ្លីដែលពួកគេធ្លាប់អាស្រ័យផលជាច្រើនទសវត្សរ៍មកហើយនោះ អាជ្ញាធរថៃបែរជាខំកាឡៃ ដើម្បីបំភាន់ភ្នែកសហគមន៍អន្តរជាតិថា កម្ពុជាប្រើប្រាស់ កុមារ ស្ត្រី និងមនុស្សចាស់ធ្វើជាខែលទៅវិញ។ ប៉ុន្តែ គ្មានអ្នកណាឆោតល្ងង់រហូតដល់ជឿពាក្យសម្តីរបស់ អាជ្ញាធរថៃនោះឡើយ ពីព្រោះរឿងរ៉ាវត្រូវបានបើកកកាយអស់ហើយនៅចំពោះមុខ និងក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ក៏ដូចជាក្រុមអង្កេតការណ៍បណ្តោះអាសន្ន (IOT) និងអង្គទូតនានា។

សំណួរសួរថា ប្រសិនបើថៃអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន ចុះហេតុអ្វីបានជាថៃទើបមកធ្វើសកម្មភាព ដាក់បន្លាលួស នៅពេលអនុវត្តបទឈប់បាញ់? សកម្មភាពនេះពិតជាបានបង្ហាញពីអំពើរំលោភបំពានធំៗ ២ ៖ ទី(១) គឺជាការបំពានយ៉ាងកម្រោលនិងជាចំហនូវបទឈប់បាញ់ពីសំណាក់ភាគីថៃ ពីព្រោះក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់តម្រូវឱ្យ ភាគីទាំងសងខាងរក្សាស្ថានភាពដដែល និងទី(២) គឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងសាហាវ ដែលគ្មានអ្នកណាអាចទទួលយកបានឡើយ។ ដូច្នេះ បើថៃពិតជាហ៊ានបណ្តេញប្រជាពលរដ្ឋខ្មែរចេញទាំងបង្ខំមែន ប្រទេសនេះនឹងទទួលរងនូវការថ្កោលទោសជាអន្តរជាតិយ៉ាងខ្លាំងក្លាជាក់ជាមិនខាន។

ក្រៅពីនេះ នៅសល់សំណុំរឿងចាប់ខ្លួនទាហានខ្មែរ ១៨នាក់ដោយខុសច្បាប់យកទៅឃុំដោយមិនព្រមដោះលែង ក៏ជាសកម្មភាពបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរមួយទៀតផងដែរ។ នេះនៅមិនទាន់រាប់ការប្រើយន្តហោះទម្លាក់គ្រាប់បែកចង្កោម ការបាញ់ផ្សែងពុល ការបំផ្លាញប្រាសាទ និងទីសក្ការៈ មកលើកងទ័ពនិងប្រជាជនស្លូតត្រង់ខ្មែរផងនោះទេ។ សកម្មភាពទាំងអស់នេះបង្ហាញថា ថៃគឺជារដ្ឋបំពានសិទ្ធិមនុស្ស បំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងឃោរឃៅបំផុត។

ឥឡូវនេះ គេរង់ចាំមើលថា តើប្រទេសនេះពិតជានៅតែគឃ្លើនបង្ហាញសកម្មភាពបំពានមកលើប្រជាពលរដ្ឋ ខ្មែរតាមរយៈការបណ្តេញអ្នកភូមិព្រៃចាន់ និងជោគជ័យចេញពីផ្ទះសម្បែងដោយបង្ខំនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ទៅតាមគម្រោងរបស់ពួកគេឬយ៉ាងណា? ប្រសិនបើរឿងនេះពិតជាកើតមានមែន ហើយប្រសិនបើថៃហ៊ានប្រើច្បាប់របស់ខ្លួនមកលើប្រជាពលរដ្ឋខ្មែរនៅក្នុងទឹកដីខ្មែរពិតប្រាកដមែន នោះសហគមន៍អន្តរជាតិច្បាស់ជាមិនអាចចៀសផុតពីការដាក់បញ្ចូលប្រទេសនេះទៅក្នុងបញ្ជីនៃរដ្ឋភេរវកម្មនោះឡើយ៕

ដោយឡេង សំរិទ្ធ សាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
– រូបថតទាហានថៃបន្តរំលោភបំពានអធិបតេយ្យភាពកម្ពុជាយ៉ាងកម្រោល ដោយរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
– រូបថតប្រជាពលរដ្ឋ និងសមត្ថកិច្ចកម្ពុជាដែលគ្មានអាវុធ ទប់ស្កាត់ ទាហានថៃដែលព្យាយាមរាយបន្លាលួស នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
– ថៃកំណត់ឱសាន្តវាទថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដើម្បីបណ្តេញប្រជាជនកម្ពុជាចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
– មេបញ្ជាការកងទ័ពជើងទឹកថៃ ចេញបញ្ជាឱ្យកងកម្លាំង យោធាបណ្តេញប្រជាជនកម្ពុជាចេញពីតាមបណ្តោយព្រំដែនភាគខាងកើតរបស់ប្រទេសថៃ ! ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ ៕

...

ប្រភព ៖ (PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print