ចោរគាស់ផ្ទះ២នាក់ត្រូវម្ចាស់ផ្ទះមកទាន់ ហើយប្រជាពលរដ្ឋនាំគ្នាចាប់បាននៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាល÷ ចោរ ២នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនបាន ខណៈដែលពួកគេកំពុងធ្វើសកម្មភាពលួចរបស់របរនៅក្នុងផ្ទះរបស់អ្នកភូមិ ហើយបម្រុងនឹងរត់ គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី៨ តុលា ២០២៥ នៅភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់មានឈ្មោះ រិន ខ័ណ្ឌសីម៉ា ហៅប្រុស ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ និងឈ្មោះ សែម វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅបន្ទប់ជួលក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ជន សង្ស័យទាំងពីរនាក់នេះមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+)។ ចំណែកជនរងគ្រោះមានឈ្មោះ ឈឺន នុង ភេទប្រុស អាយុ ៣០ឆ្នាំមុខរបរកម្មករ។

លោកអធិការបានបន្តថា នៅព្រឹកថ្ងៃកើតហេតុ ជនរង គ្រោះបានចេញទៅធ្វើការដូចសព្វមួយដង។ លុះដល់វេលាម៉ោង ១៥និង១០នាទីរសៀល កូនរបស់ជនរង គ្រោះបានមកមើលផ្ទះ ហើយបានឃើញជនសង្ស័យទាំង ២នាក់កំពុងធ្វើសកម្មភាពលួចរបស់របរ និងបម្រុងជិះម៉ូតូរត់គេចខ្លួន។ ភ្លាមនោះ កូនរបស់ជនរងគ្រោះក៏បានស្រែកឆោឡោ ហើយជនសង្ស័យភ័យពេកក៏បានរត់ចូលទៅក្នុងស្រែ តែត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ បានតែម្ដង។

ក្រោយទទួលបានព័ត៌មានពីប្រពន្ធជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក បានចុះទៅដល់កន្លែងកើត ហេតុ និងនាំខ្លួនជនសង្ស័យទាំង ២នាក់មកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ វត្ថុតាងដែលចាប់យកបានរួមមាន ម៉ូតូ Honda MSX ពណ៌ខៀវ ១ គ្រឿង គ្មានស្លាកលេខ និងក្បាំងម៉ូតូ Honda Dream ២០២២ មួយឈុត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់បានសារភាពថា ពួកគេពិតជាបានចូលទៅលួចទ្រព្យសម្បត្តិក្នុងផ្ទះជនរងគ្រោះមែន ហើយបានបន្តសារភាពថា ពួកគេបានប្រើប្រាស់គ្រឿងញៀនរយៈពេល ៤ឆ្នាំមកហើយ។

...

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកមិញនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print