ភ្នំពេញ៖ ក្នុងហេតុការណ៍ទម្លាក់គ្រាប់បែកផ្ទុះនៅចំកណ្តាលផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន យ៉ាងតិចបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ ស្រាល និងរថយន្ត៤គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀតត្រូវបានខូចខាតកាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ដោយថ្កោលទោសយ៉ាងដាច់អហង្ការទៅលើក្រុមជនសង្ស័យ កំពុងគេចខ្លួននោះ ។
ក្រសួងមហាផ្ទៃបានលើកឡើងថា មានសេចក្តីសោកស្តាយយ៉ាងក្រៃលែងចំពោះឧប្បត្តិហេតុ ដែលបានបង្កឲ្យមានរបួសស្នាមមកលើពលរដ្ឋស្លូតត្រង់ និងធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ ។ ករណីនេះ ក្រសួងមហាផ្ទៃ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពគួរឲ្យស្អប់ខ្ពើមនេះ ដែលទន្ទឹមនេះ ទោះក្នុងហេតុផលណាក៏ដោយ មានចេតនាធ្វើឲ្យសាធារណមតិជាតិ អន្តរជាតិមានការយល់ច្រឡំ ចំពោះសភាពការណ៍សន្តិសុខរបស់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលកំពុងតែរក្សាបាននូវប្រក្រតីភាព និងស្ថិរភាពយ៉ាងល្អប្រសើរ ។ ទន្ទឹមនេះ កម្លាំងមានសមត្ថកិច្ច បាននិងកំពុងបន្តចាត់វិធានការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងម៉ត់ចត់ដើម្បីស្វែងរកជនល្មើសបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ជាធរមាន ៕
ដោយ៖ សណ្ដោស