ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្កោលទោស ចំពោះទង្វើអសីលធម៌របស់ជនជាតិថៃមួយក្រុម ដែលបានធ្វើសកម្មភាពមិនគួរគប្បី និងអសីលធម៌ នៅតាមទីសាធារណៈ ប្រទេសថៃ ចំពោះសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យើងខ្ញុំសូម សម្តែងនូវការសោកស្តាយជាពន់ពេក និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអសីលធម៌ ខ្វះសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃមួយចំនួន ដែលបានយករូបថត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់កម្ពុជាដទៃទៀត ទៅធ្វើសកម្មភាពមិនគួរគប្បី និងអសីលធម៌នៅតាមទីសាធារណៈ ក្នុងប្រទេសថៃ។

អាកប្បកិរិយារបស់ជនជាតិថៃទាំងនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់ឧត្តមភាពរបស់ឥស្សរជន កំពូលកម្ពុជា ដែលប្រជាជនគោរពស្រឡាញ់ និងចាត់ទុក សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជារដ្ឋបុរសជាតិ កម្ពុជា ដែលបានធ្វើពលិកម្មតស៊ូ លះបង់ និងបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្រជាជាតិ និងមាតុភូមិ កម្ពុជា។ ទង្វើនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ឥស្សរជនកំពូលរបស់ជាតិ ប៉ុណ្ណោះទេ ប៉ុន្តែនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃសីលធម៌ និងការគោរពគ្នា ទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ ជាពិសេសទំនាក់ទំនងក្នុងនាមជាប្រទេសជិតខាងថែមទៀតផង។

ជនជាតិអាស៊ី ជាពិសេសជនជាតិខ្មែរ និងជនជាតិថៃ មានប្រពៃណីគោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះអង្គ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជា តែងតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមកុំយកព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំថៃ ទៅធ្វើសកម្មភាពណាមួយដែលមិនគួរគប្បី និងសូមកុំឱ្យមានការរើសអើងចំពោះប្រជាជនថៃដែលកំពុង ស្នាក់នៅ និងប្រកបមុខរបរនៅកម្ពុជា។ ផ្ទុយមកវិញ ជនជាតិថៃមួយចំនួនបានប្រព្រឹត្តិអំពើអសីលធម៌ និង ប្រមាថចំពោះថ្នាក់ដឹកនាំកម្ពុជាដោយចំហរ ប៉ុន្តែបែរជាគ្មានវិធានការអ្វីទាំងអស់ចំពោះបុគ្គលទាំងនោះ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសចំពោះទង្វើអសីលធម៌ ខ្វះសេចក្តីថ្លៃថ្នូររបស់ ជនជាតិថៃមួយចំនួន និងសូមប្តេជ្ញាគាំទ្ររាល់វិធានការណ៍ និងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ដោះស្រាយបញ្ហាព្រំដែនតាមច្បាប់ និងគោលការណ៍អន្តរជាតិជាធរមាន និងអនុវត្តតាមប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយមិនប្រព្រឹត្តិទង្វើ អសីលធម៌ ខ្វះសេចក្តីថ្លៃថ្នូរតបតទៅលើព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងប្រជាជនថៃនោះឡើយ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print