ភ្នំពេញ ៖ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាកំពុងចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្រ្តីការពារជាតិ ៣ប្រទេស រួមមានកម្ពុជា ឡាវ និងវៀតណាម នៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ។ រដ្ឋមន្ត្រីការពារជាតិទាំង៣ ក៏ចូលរួមពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពប្រទេសទាំង៣ នៅទីនោះផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចេញយប់ថ្ងៃទី១២តុលា ម្សិលមិញ។ សេចក្តីប្រកាសដដែលឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែតុលា ជំនួបរដ្ឋមន្ត្រីការពារជាតិប្រទេសទាំង៣ នេះ គឺជាបញ្ជាក់ជាថ្មីម្តងទៀត នូវចំណងមិត្តភាព សាមគ្គីភាព ដ៏យូរអង្វែង និងការប្ដេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា នៃកងយោធពលខេមរភូមិន្ទ រវាងកងទ័ពប្រជាជនឡាវ និងកងទ័ពប្រជាជនវៀតណាម។ លើសពីនេះ ជំនួបសំដៅបង្កើននូវទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងគ្នាទៅវិញទៅមក ឱ្យកាន់តែស៊ីជម្រៅរឹងមាំបន្ថែមទៀត៕
ប្រភពរូបភាព៖ ក្រសួងការពារជាតិ