ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌដូនពេញ ស្នើឱ្យអាជ្ញាធរ ជួយស្ដារលូប្រឡាយ ជាប្រចាំ កុំឱ្យភ្លៀងម្ដងៗលិចលំនៅដ្ឋាន ខណៈរាល់ឆ្នាំឱ្យតែដល់រដូវវស្សាតែងតែលិចលំនៅដ្ឋាន ។ ប្រជាពលរដ្ឋស្នើបែបនេះ នៅក្នុងវេទិការពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌ ដូនពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំ តំណាងលោក ម៉ប សារិន ប្រធានក្រុមប្រឹក្សា លោក សុខ ពេញវុធ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋាន ដែលមានការសហការគ្នាបានយ៉ាងល្អ ក្នុងការដោះស្រាយ បញ្ហា និងសំណូមពររបស់ប្រជា ពលរដ្ឋ ដែលបានស្នើឡើង និងលើកឡើងកាលពីឆ្នាំមុន ដោយសម្រេចបានស្ទើតែទាំងស្រុង ជូនដល់ប្រជាពលរដ្ឋ។ ខណ្ឌដូនពេញ គឺជាខណ្ឌមួយ ដែលពោពេញដោយតំបន់ទេសចរណ៍ និងមានអនាម័យស្អាតជានិច្ច គួរឱ្យកោត សរសើរ ។
ក្នុងឱកាសនោះមានប្រជាពលរដ្ឋ បានលើកឡើងដោយផ្ទាល់មាត់ នូវសំណូមពររបស់ខ្លួន ចង់ឱ្យជួយផ្លាស់ប្តូរអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈដែលខូចៗ និងស្នើសុំឱ្យមានការជួយសម្របសម្រួល ដល់កិច្ចការកែតម្រូវសំបុត្រកំណើត ខណៈដែលពលរដ្ឋរូបនេះ បានអរគុណដល់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានជួយកែលម្អហេរដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជូនប្រជាពលរដ្ឋខណ្ឌដូនពេញ បានយ៉ាងល្អប្រសើរផងដែរ ។ ជាមួយគ្នានេះ ក៏មានតំណាងគ្រូបង្រៀន ស្នើសុំឱ្យអាជ្ញាធរ ជួយដាក់គំនូសចរាចរណ៍ ប្រុងប្រយ័ត្ន នៅតាមផ្លូវតូចៗជាប់នឹងសាលារៀន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជូនដល់សិស្សានុសិស្ស និងជួយស្តាលូ ក្នុងសាលារៀន ដើម្បីឱ្យទឹកភ្លៀងហូរច្រោះបានលឿន។
លោក សុខ ពេញវុធ អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអរគុណ ដល់អាជ្ញាធរមូលដ្ឋាន ដែលបានសម្រេចបានសមិទ្ធផលជាច្រើន ជូនប្រជាពលរដ្ឋខណ្ឌដូនពេញ ដែលឆ្លើយតបនឹងតម្រូវការពលរដ្ឋ បានយ៉ាងល្អប្រសើរ ។
ឆ្លើយតបនឹងសំណូមពររបស់ពលរដ្ឋ ស្នើសុំផ្លាស់ប្តូរអំពូល ភ្លើង និងកាត់លះមែកឈើសាធារណៈ លោក សុខ ពេញវុធ បានប្រគល់ភារកិច្ចនេះ ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យនិងដោះស្រាយជូនតាមសំណូមពរ ។ ពាក់ព័ន្ធនឹងការកែតម្រូវសំបុត្រកំណើត ត្រូវបានឯកឧត្តម បានបញ្ជាក់ទៅវិញថា ជាកិច្ចការមួយ ដែលមិនអាចកំណត់បានជាក់ស្តែង នូវថេរវេលានោះទេ អាស្រ័យទៅតាមការកែតម្រូវនៃសំបុត្រកំណើតនេះ ។
ចំពោះការស្នើសុំដាក់គំនូសចរាចរណ៍ នៅតាមផ្លូវជុំវិញគ្រឹះស្ថានសិក្សា លោក សុខ ពេញវុធ បានសម្តែងការគាំទ្រការលើកឡើង និងបានបញ្ជាក់ថា កិច្ចការទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ និងកំពុងតែសិក្សា ក៏ដូចជាអនុវត្តផងដែរ ធ្វើយ៉ាងណា កាត់បន្ថយនូវគ្រោះថ្នាក់នានា ដល់សិក្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ ដោយឡែក សំណូមពរ ក្នុងការស្តាលូ នៅតាមគ្រឹះស្ថានសិក្សា ក៏ត្រូវបានឯកឧត្តមអភិបាលរង ឯកភាព និងសម្រេចប្រគល់ភារកិច្ចជូនអង្គភាពពាក់ព័ន្ធ ដោះស្រាយជូនផងដែរ ។
លោកអភិបាលរង បានបញ្ជាក់ថា ស្ថានភាពការ គ្រប់គ្រងសំរាម នៅរាជធានីភ្នំពេញ ត្រូវបានសោះស្រាយបានយ៉ាងល្អជូនពលរដ្ឋ ជាពិសេសបណ្តាខណ្ឌកណ្តាលរាជធានីភ្នំពេញតែម្តង ដែលបានបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវយ៉ាងល្អប្រសើរ ។
មានការចូលរួម យ៉ាងសកម្មនិងមានការផុសផលល្អ ពីប្រជា ពលរដ្ឋ បើទោះបីជាសំណើរ និងសំណូមពរផ្ទាល់មាត់ មានចំនួនតិចក្តី មានការចូលរួមបន្ថែម តាមរយៈការសរសេរជាលិខិតលាយលក្ខណ៍អក្សរ ដើម្បីរួមចំណែកជាមួយអាជ្ញាធរ អាចបំពេញនូវចំណុចខ្វះខាត ក៏ដូចជាឆ្លើយតបឱ្យបានទាន់ ពេលវេលា ជូនពលរដ្ឋ ដែលជួបប្រទះបញ្ហាប្រឈមនានា៕
