សម្ដេចតេជោ ហ៊ុន សែន ពន្យល់ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពី ស្ថានភាពព្រំដែន ដែលភាគីថៃចាក់សម្លេងរំខានដល់ពលរដ្ឋកម្ពុជា, កម្ពុជាចង់ឲ្យការគោរពបទឈប់បាញ់មានប្រសិទ្ធភាព និងត្រឡប់មកភាពប្រក្រតីឡើងវិញ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ បានពន្យល់ប្រាប់ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពី ស្ថានភាពជាក់ស្ដែងដែលភាគីថៃបានចាក់ សម្លេងខ្មោច ឬសម្លេងនានារំខានពលរដ្ឋនៅភូមិជោគជ័យ នៅភូមិព្រៃចាន់រយៈពេល ៤យប់ទៅហើយ ។ សម្ដេចបញ្ជាក់ជាថ្មីថា អ្វីដែលកម្ពជាចង់បានមិនមែនជាការឲ្យសម្ព័ន្ធមិត្តណាមួយទៅថ្កោលទោសថៃនោះទេ ពោលគឺជួយជំរុញឲ្យភាគីទាំងពីរគោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងវិលរកប្រក្រតីភាពប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះក្នុងឱកាសដែលសម្ដេចអនុញ្ញាតឱ្យលោក Datuk Seri Dr. Ahmad Zahit Hamidi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃ ប្រទេស ម៉ាឡេស៊ី និងជាប្រធានគណបក្សរួបរួមជាតិម៉ាឡេស៊ី (UMNO) ចូលជួប សម្ដែង ការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម ជា ធីរិទ្ធិ បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងការស្វាគមន៍ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសហការី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងចូលរួមកិច្ចប្រជុំនានា នៅកម្ពុជាផងដែរ។ សម្ដេចតេជោ បានចាត់ទុកវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី និងសហការី ដែលមកបំពេញទស្សនកិច្ចនៅកម្ពជា នាពេលនេះនឹងជាផ្នែកដ៏សំខាន់ក្នុងការញ៉ាំងទំនាក់ទំនង រវាងកម្ពុជា និងម៉ាឡេស៊ីឲ្យកាន់តែមានភាពជិតស្និតនិងរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Datuk Seri Dr. Ahmad Zahit Hamidi ដែលជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃ ប្រទេស ម៉ាឡេស៊ី បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលបានអនុញ្ញាតឲ្យលោក និងសហការីចូលជួបសម្ដែងការគួរសម។ ឯកឧត្តមក៏បានលើកឡើង និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី នាពេលបច្ចប្បន្នដែលមានភាពរឹងមាំ ហើយទំនាក់ទំនងនេះមិនមែនត្រឹមតែការទូត និងនយោបាយទេ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរក៏មានភាពរឹងមាំផងដែរ។

ឯកឧត្តមក៏បានរំលេចការលើកឡើងមួយចំនួនទៅកាន់សម្ដេចតេជោ ដែលពាក់ព័ន្ធទៅនឹងវិស័យហាឡាល់ និងម្ហូបអាហារហាឡាល់ នៅក្នុងកម្ពុជាផងដែរ ហើយលោកចង់ជំរុញវិស័យនេះ កើតចេញជារូបរាងមានភាពរីកចម្រើន នៅក្នុងកម្ពុជា និងទទួលបានការពេញនិយមផងដែរ។ ហើយឯកឧត្តមសង្ឃឹមថា នឹងមានគណៈកម្មការមួយ ដើម្បីសិក្សាលើកិច្ចការងារនេះ ដើម្បីជំរុញដល់វិស័យហាឡាល់នៅកម្ពុ ជា។ ក្នុងនោះលោកបានឆ្លៀតរំលេចអំពី ទំនាក់ទំនងតាមផ្នែកទេសចរណ៍ ដែលលោកចង់ជំរុញឲ្យផ្នែកទេសចរណ៍ រវាងកម្ពុជានិងម៉ាឡេស៊ី កាន់តែរីកចម្រើន។ ម៉ាឡេស៊ី ក៏បានត្រៀមខ្លួនក្នុងការទទួលភ្ញៀវទេសចរកម្ពុជា ជាពិសេសគឺផ្នែកសុខាភិបាល ដែលទៅពិនិត្យសុខភាព នៅប្រទេសម៉ាឡេស៊ី។ លោកបានបញ្ជាក់ជូនសម្ដេចតេជោផងដែរថា ម៉ាឡេស៊ីនឹងពិនិត្យមើលលទ្ធភាពជាក់ស្ដែង ក្នុងការបង្កើតមន្ទីរពេទ្យម៉ាឡេស៊ីនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងការឯកភាព ចំពោះការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីឲ្យកាន់តែរីកចម្រើន។ សម្ដេចតេជោ បានកត់សម្គាល់ថា ដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរដើរទៅស្របគ្នា ទាំងសេដ្ឋកិច្ច និងនយោបាយ ការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ រវាងកម្ពុជា និងម៉ាឡេស៊ីត្រូវតែ ធ្វើយ៉ាងណាឲ្យមានភាពរីកចម្រើនដូចគ្នាដែរ។

សម្ដេចតេជោ បានកត់សម្គាល់ឃើញថា ពាណិជ្ចកម្មរវាងកម្ពុជា និងម៉ាឡេស៊ីមានការកើនឡើង ក៏ប៉ុន្តែឯកឧត្តមចង់ជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើយ៉ាងណាឲ្យទំហំពាណិជ្ចកម្មរវាងប្រទេសទាំងពីរមានការកើនឡើងបន្ថែមទៀត។ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោបានអរគុណទៅកាន់ម៉ាឡេស៊ី ដែលកន្លងមកបានជួយទិញអង្ករពីកម្ពុជា ដែលម៉ាឡេស៊ីគឺជាប្រទេសធំទីមួយដែលនាំអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់៧ម៉ឺនតោន កាលពីឆ្នាំ២០២៤។ សម្ដេចសង្ឃឹមថា ម៉ាឡេស៊ីនឹងជួយទិញផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា។

ទាក់ទងទៅនឹងទេសចរណ៍ផ្នែកសុខាភិបាល សម្ដេចតេជោបាន ឯកភាពទៅនឹងការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាមួយគ្នានេះសម្ដេចតេជោ បានផ្ដល់យោបល់ថា ម៉ាឡេស៊ីគួរតែផ្ដល់ព័ត៏មានមួយអំពីការផ្ដល់សេវាសុខាភិបាលទៅព្យាបាលជម្ងឺនៅប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយឲ្យពលរដ្ឋដែលមានសមត្ថភាពអាចស្វែងយល់បន្ថែមទៀត ក៏ដូចជាស្វែងរកជម្រើសទៅព្យាបាលនៅទីនោះបន្ថែមទៀត។ ពាក់ព័ន្ធទៅនឹងវិស័យហាឡាល់នៅកម្ពុជា សម្ដេចតេជោ បញ្ជាក់ថា នេះជាបញ្ហាមួយដែលកើតមានឡើងយូរហើយ សម្ដេចសង្ឃឺមថា វានឹងលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ ដែលប្រទេសទាំងពីរអាចធ្វើបានក្នុងកិច្ចសហការជាមួយគ្នា។

ដោយឡែក ពាក់ព័ន្ធទៅនឹងស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃវិញ សម្ដេចតេជោបានពន្យល់ទៅកាន់ លោកឧបនាយករដ្ឋមន្ត្រីអំពី ស្ថានភាពជាក់ស្ដែង ជាពិសេសទាក់ទងនឹងបញ្ហាក្នុងពេលបច្ចុប្បន្នដែលភាគីថៃបានចាក់ សម្លេងខ្មោច ឬសម្លេងនានាដែលរំខានដល់ប្រជាពលរដ្ឋនៅភូមិជោគជ័យ នៅភូមិព្រៃចាន់ជាដើម ដែលបានកើតឡើងរយៈពេល ៤យប់ទៅហើយ។ សម្ដេចក៏បានបញ្ជាក់ពីស្ថានភាពទូទៅនៅព្រំដែនដែលវាជាកង្វល់ និងបញ្ហាមួយដែលផុយស្រួយយ៉ាងខ្លាំងក្នុងការប៉ះទង្គិចគ្នាឡើងវិញ ដូច្នេះសម្ដេចតេជោ បានបញ្ជាក់ទៅកាន់លោកឧបនាយករដ្ឋមន្ត្រីថា អ្វីដែលកម្ពជាចង់បានមិនមែនជាការឲ្យសម្ព័ន្ធមិត្ត ឬប្រទេសណាមួយទៅថ្កោលទោសចំពោះថៃនោះទេ ប៉ុន្តែគឺយ៉ាងណាជំរុញឲ្យភាគីទាំងពីរគោរពបទឈប់បាញ់មួយឲ្យមានប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយ ដើម្បីឈានទៅរកការដោះស្រាយមួយត្រឡប់មកប្រក្រតីភាពនៃទំនាក់ទំនង រវាងកម្ពុជា និងថៃឡើងវិញ។

ជាមួយគ្នានេះ សម្ដេចតេជោ មិនភ្លេចក្នុងការអរគុណចំពោះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីនោះទេ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មជាទីបំផុតក្នុងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃនេះ។ សម្ដេចតេជោ បានបង្ហាញការគោរពចំពោះតួរនាទីរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក anwar ដែលពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យមានបទឈប់បាញ់ និងដោះស្រាយបញ្ហា ក្នុងឋានៈលោកនាយករដ្ឋមន្រ្តីជាប្រធានអាស៊ាន ។ សម្ដេចតេជោ បានផ្ដាំផ្ញើការនឹករលឹក និងអរគុណយ៉ាងក្រៃលែងចំពោះ ការចូលរួមចំណែកដ៏សកម្មរបស់ភាគីម៉ាឡេស៊ី។ ជាចុងក្រោយសម្ដេចតេជោ បានលើកឡើងពីប្រទេសមីយ៉ាន់ម៉ា ទីម័រឡេស្តេរ ដែលម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានអាចសម្រួលឲ្យទីម័រឡេស្តេរចូលជាសមាជិកអាស៊ាននាពេលឆាប់ៗខាងមុខនេះផងដែរ។ សម្ដេចតេជោក៏បានជូនពរឲ្យលោកឧបនាយករដ្ឋមន្ត្រី និងសហការីបំពេញទស្សនកិច្ចនៅកម្ពុជាដោយជោគជ័យ៕

...

ប្រភព ៖ «យុវជន៧មករា»

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print