ក្នុងរយៈពេល៩ខែកន្លងមកនេះកម្ពុជា សម្រេចនូវទំហំពាណិជ្ជកម្មអន្តរជាតិ ជិត ៤៧ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ÷ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៥ នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិជិត ៤៧ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៥% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការ ចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុង រយៈពេល៣ត្រីមាសដើមឆ្នាំ២០២៥នេះកម្ពុជា សម្រេច បាននូវ ការនាំចេញទំនិញជាង ២២ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៣% ខណៈនៅពេលដូចគ្នា ឆ្នាំ ២០២៤ កម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង ១៩ពាន់លានដុល្លារអាមេរិក។

ស្របគ្នានេះដែរ កម្ពុជា ក៏បាននាំចូលទំនិញជាង ២៤ ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ១៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយតួលេខនេះបានធ្វើឲ្យ កម្ពុជា កើតមានឱនភាពពាណិជ្ជកម្មជាង ២ពាន់លានដុល្លារអាមេរិក។

អំឡុងពេល ៩ខែនេះមហាអំណាចសេដ្ឋកិច្ចចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាមានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ១៤ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំ ១ពាន់លានដុល្លារអាមេរិក ដោយការនាំចូលមកកាន់កម្ពុជាវិញ មានដល់ទៅ ១៣ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យ កម្ពុជា កើតនូវឱនភាពពាណិជ្ជកម្មជាង ១១ពាន់លានដុល្លារអាមេរិក ជាមួយនឹងប្រទេសចិន។

ចំពោះ សហរដ្ឋអាមេរិក ឈរនៅលំដាប់លេខ ២ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ប្រមាណ ៩ពាន់ ៥រយលានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់អាមេរិកជាង ៩ពាន់ ២រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកជាង ២៨៣ លានដុល្លារអាមេរិក។

ទន្ទឹមគ្នានេះ វៀតណាម ឈរនៅលំដាប់លេខ ៣ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៦ពាន់លានដុល្លារអាមេរិក កើនឡើង ៤% ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់វៀតណាមជាង ២ពាន់ ៩រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកវិញជាង ៣ពាន់ ១រយលានដុល្លារអាមេរិក។

សម្រាប់មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងផលិតផលកង់ជាដើម។

...

គូរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវ ការនាំចេញ-នាំចូលទំនិញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៥៤ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៧% ដោយ កម្ពុជា សម្រេចបានការនាំចេញជាង ២៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% និងការនាំចូលមកវិញ ប្រមាណ ២៨ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ១៨% ហើយវាបានធ្វើឲ្យ កម្ពុជា សម្រេចឱនភាពពាណិជ្ជកម្មប្រមាណ ២,៣ពាន់លានដុល្លារអាមេរិក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print