ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នារសៀលថ្ងៃអង្គរ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះថា ព្រឹកមិញ យ៉ាងហោចមានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម្ម ដោយសារគ្រោះថ្នាក់ធម្មជាតិ(រន្ទះបាញ់)នៅគ្រាមេឃកំពុងធ្លាក់ភ្លៀង ហើយជនរងគ្រោះបានចូលទៅជ្រកភ្លៀងក្នុងរោងមួយកន្លែង ។
ប្រភពរាយការណ៍ឲ្យដឹងទៀតថា ហេតុការណ៍ខាងលើបានកើតឡើងត្រង់ចំណុចក្នុងខ្ទមកណ្ដាលវាលស្រែមួយ ស្ថិតនៅភូមិដំណាក់កន្សែង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ថា ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ដាន តឿ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចិញ្ចឹមសត្វទា មានទីលំនៅ ភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅ ចិញ្ចឹមសត្វទា ចំណុចកើតហេតុ ។
ប្រភពបញ្ជាក់បន្ថែមថា ថ្ងៃនេះផ្ទៃមេឃមានសភាពអាប់អ៊ួតាំងពីព្រលឹម និងមានភ្លៀងធ្លាក់ផងដែរ ខណៈមេឃកំពុងធ្លាក់ភ្លៀង ជនរងគ្រោះបានចូលទៅជ្រកភ្លៀងក្នុងខ្ទមស្នាក់នៅរបស់គាត់ ប៉ុន្តែជាអកុសលត្រូវបានរន្ទះបាញ់ស្លាប់យ៉ាងរន្ធត់ ដោយមានស្នាមរបួសឆេះខ្លួនប្រាណបែបនេះ ។ ករណីគ្រោះថ្នាក់ធម្មជាតិ(រន្ទះបាញ់)បណ្ដាល់ឲ្យមានមនុស្សស្លាប់ខាងលើ សមត្ថកិច្ចពាក់ព័ន្ធសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ត ដើម្បីធ្វើកំណត់ហេតុប្រគល់ទទួលសពជូនសាច់ញាតិ ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន