ភ្នំពេញ÷ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបង្រ្កាបបានករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធតេឡេក្រាម ដោយទទួលបានប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី។
យោងតាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ ដោយទទួលប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី។
ដោយមានការសម្របសម្រួលពីអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ទី១ ឈ្មោះ ស.ស.ន ភេទស្រី និងទី២ ឈ្មោះ ស.ធ.ន ភេទស្រី។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនសង្ស័យទាំង២ នាក់នេះ បានពាក់ពន្ធ័និងការទិញ-លក់ គណនីតេឡេក្រាម អោយទៅជនល្មើសនិងបានយករូបថតថ្នាក់ដឹកនាំជាន់ខ្ពស់ និង រូបថតលោកអ្នកឧញ្ញ៉ាជាច្រើនរូបមកធ្វើជាប្រហ្វាល់ ដើម្បីធ្វើការឆបោកជនរងគ្រោះ ដោយអូសទាញជនរងគ្រោះអោយដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំង អស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាអោយបានច្បាស់លាស់ពីប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញ ជៀសវាងការខាតបង់ផល ប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ៕