ខេត្តរតនគិរី ៖ នៅព្រឹក ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តរតនគិរី ដឹកនាំដោយ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខ័ណ្ឌ ចំណានអភិបាលខេត្តស្តីទី តំណាងលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំង លោក លោកស្រី និងមន្ត្រី រាជកា រគ្រប់ ជាន់ថ្នាក់ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះ
បាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងសោយទិវង្គត នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ ពិធីនេះដែរប្រារព្ធធ្វើនៅសាលមហោស្រពរតន: ស្ថិតក្នុងបរិវេណមន្ទីរ វប្បធម៌ និងវិចិត្រសិល្ប:ខេត្តរតនគិរី។
ក្នុងឱកាសនេះ ក្រៅពីធ្វើពិធីសាសនា អង្គពិធីទាំងមូល បានសង្រួមកាយចិត្ត ស្ថិតក្នុងទឹកមុខស្រពត់ស្រពោនក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែង នៃ ការយាងចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់មហាក្សត្រមួយព្រះអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជា
ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួប
បង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្តុង្គឧត្ដម វិសេសវិសាលរបស់ព្រះអង្គ។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។ នៅថ្ងៃទី១៥ តុលា ទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ៕
អត្ថបទនិងរូបភាព÷មន្ទីរព័ត៌មានខេត្ត