ខេត្តកណ្តាល÷ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងម្ខាង ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយត្រូវរថយន្តមួយគ្រឿងបុក ហើយបានបើករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ២០:១០នាទី យប់ថ្ងៃទី១៤ តុលា ២០២៥ នៅចំណុចភ្លើងស្តុបព្រែកហូរ លើផ្លូវជាតិលេខ២ កែងផ្លូវលេខ១១៥ ក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ។
យោងតាមសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណុប ធារ៉ុង ភេទប្រុស អាយុ ៣៥ឆ្នាំមានទីលំនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ជនរងគ្រោះបានពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយត្រឹមត្រូវ។
ប្រភពដដែលបានបន្តថា រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក និងមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានបើកបរតាមផ្លូវលេខ១១៥ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ រថយន្តនោះបានបត់ឆ្វេងទៅត្បូង ហើយបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Q-2993 ដែលបើកបរដោយជនរងគ្រោះក្នុងទិសដៅផ្ទុយគ្នា។ ការបុកគ្នានេះបានបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់បាក់ជើងខាងឆ្វេង ហើយត្រូវបានសាច់ញាតិដឹកតាម PassApp ទៅកាន់មន្ទីរពេទ្យរុស្សីនៅរាជធានីភ្នំពេញ ដើម្បីសង្គ្រោះ។ ចំណែករថយន្តបង្កហេតុបានបើករត់គេចខ្លួនភ្លាមៗ។
ម៉ូតូរបស់ជនរងគ្រោះរងការខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីប្រគល់ជូនជនរងគ្រោះវិញនៅពេលចេញពីមន្ទីរពេទ្យ។
សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន ទើបបុកជាមួយម៉ូតូដែលកំពុងបើកបរតាមផ្លូវអាទិភាព។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់អត្តសញ្ញាណរថយន្ត និងអ្នកបើកបរដើម្បីចាត់ការតាមនីតិវិធីច្បាប់៕