ខេត្តកែប៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងមន្ត្រីកិច្ចសន្យានៅមន្ទីរទេសចរណ៍ខេត្តកែប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សរុប ៦០រូប កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកែប ។
ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានស្តាប់នូវរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារទេសចរណ៍នៅខេត្តកែប ដោយលោកប្រធានមន្ទីរទេសចរណ៍ ។ ថ្លែងក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកប្រធានមន្ទីរ និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់របស់មន្ទីរទេសចរណ៍ខេត្ត ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងក្នុងស្មារតីចូលរួមលើកស្ទួយសក្តានុពលទេសចរណ៍ខេត្តកែប។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្តកែប ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពអង្គភាព ពង្រឹងសមត្ថភាពមន្ត្រីឱ្យបានជាប់ជាប្រចាំ និងស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ ព្រមទាំងបន្តថែរក្សាបរិយាកាសដុខដុមនីយកម្មនៅក្នុងអង្គភាព ដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។
ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍ខេត្តកែប ត្រូវជំរុញការលើកកម្ពស់គុណភាពសេវាកម្ម ពង្រឹងសុវត្ថិភាពចំណីអាហារ, រក្សាភាពស្អាត, អនាម័យ, ការគ្រប់គ្រងសំរាម, បន្ទប់ទឹកស្អាត និងរក្សាតម្លៃឱ្យបានសមរម្យនៅតាមបណ្តារមណីយដ្ឋានទេសចរណ៍, ភោជនីយដ្ឋាន និងអាហារដ្ឋាន៕