នគរបាលខេត្តត្បូងឃ្មុំ ស្រាវជ្រាវឃាត់ខ្លួនអ្នករកស៊ីចង ការប្រាក់ខ្ពស់១០នាក់ ខុសច្បាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ÷ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ មានផេកហ្វេសប៊ុកឈ្មោះ ហេតុការណ៍ថ្មីៗ បានចុះផ្សាយខ្លឹមសារថា ប្រជាពលរដ្ឋរកស៊ីបន្តិចបន្តួចពុំមានលទ្ធភាពបង់ការ ប្រាក់ឲ្យក្រុមអ្នករកស៊ីចងការប្រាក់ថ្លៃកប់ពពក ក៏ត្រូវក្រុមអ្នករកស៊ីចងការប្រាក់ទាំងនោះ យករូបថតរបស់ពួកគាត់ ទៅបិទនៅតាមទីសាធារណៈ,ទីតាំងរកស៊ីចង ការប្រាក់ខុសច្បាប់នេះ ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ , ពេលនេះ កម្លាំងនគរបាល ស្រាវជ្រាវឃាត់ខ្លួនអ្នករកស៊ីចងការប្រាក់ខ្ពស់កប់ពពកទាំងនោះ បានចំនួន ១០នាក់។

ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំ ពីលោក​ឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យកងកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែកចុះស្រាវ ជ្រាវ រកឃើញជនរងគ្រោះចំនួន៣នាក់ជាកូនបំណុល។

ក្រោយការសាកសួរកូនបំណុលចប់ កម្លាំងសមត្ថកិច្ចស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ដែលរកស៊ីចងការប្រាក់ខុសច្បាប់ និងគ្មានអាជ្ញាប័ណ្ណ ,ថ្លៃការប្រាក់ខ្ពស់កប់ពពក,អ្នកទាំងនេះ ត្រូវបានកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅតុលាការ។

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការចាត់វិធានការចំពោះសកម្មភាពផ្ដល់កម្ចីខុសច្បាប់ ការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គមសម្រាប់ធានាលើកម្ចី, និងការប្រាក់ខ្ពស់កប់ពពក។

សកម្មភាពទាំងនេះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចសង្គម នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចត្រូវផ្តន្ទាទោស និងដាក់ពិន័យតាមច្បាប់ជាធរមាន។

យោងតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មាត្រា ២ បានចែងថា ការផ្តល់ឥណទានគ្រប់ប្រភេទ ចំពោះសាធារណជន ដោយមានកម្រៃ រាប់បញ្ចូលទាំងឥណទានភតិសន្យា និងការសន្យាតាមហត្ថលេខា ត្រូវបាន ចាត់ទុកថា បានធ្វើអាជីវកម្មធនាគារ។ រាល់ការប្រកបអាជីវកម្មធនាគារ និងហិរញ្ញវត្ថុ ត្រូវស្នើសុំ និងទទួលបាន អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធរអាណាព្យាបាល មុននឹងអាចផ្តល់សេវាកម្ម ជូនសាធារណជនបាន, បើពុំដូច្នេះទេ គឺខុសច្បាប់។

ផ្អែកតាម មាត្រា ៥៥ បានកំណត់បញ្ជាក់ថា «បុគ្គលណាជាឯកត្តជនក្ដី ឬក្នុងនាមជាអង្គភាពក្តី ដែលយកប្រតិបត្តិការធនាគារ ទៅប្រកបវិជ្ជាជីវៈ ផ្ដល់កម្ចីការប្រាក់និងសម្រាប់សាធារណជន ដោយគ្មានការអនុញ្ញាត (គ្មានអាជ្ញាប័ណ្ណ) ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី មួយឆ្នាំ (១ឆ្នាំ) ដល់ ប្រាំឆ្នាំ (៥ឆ្នាំ) និង ពិន័យជាប្រាក់ពី ប្រាំលានរៀល (៥.០០០.០០០៛) ដល់ ពីររយហាសិបលានរៀល (២៥០.០០០.០០០៛) ឬ ទណ្ឌកម្មតែមួយក្នុងចំណោមទណ្ឌកម្មទាំងពីរ ដោយមិនទាន់ គិតដល់ការបិទគ្រឹះស្ថានផង»។

...

ក្នុងករណីអ្នកផ្ដល់ប្រាក់កម្ចីទាំងឡាយណា ដែលខុសនីតិវិធី ខុសច្បាប់ នៅតែបន្តសកម្មភាពល្មើសនឹងបម្រាមខាងលើនេះ នីតិបុគ្គល ឬរូបវន្តបុគ្គលទាំងនោះ នឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print