ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានជួបពិភាក្សាការងារជាមួយ លោក លី ស៊ាង មីង (LI XIANG MING) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅបន្ទប់ប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោករដ្ឋលេខាធិការ បានបង្ហាញពីដំណើរការរៀបចំគម្រោងស្តីពី “ប្រព័ន្ធនគរបាលសហគមន៍វៃឆ្លាត – Smart Community Policing System” ក្រោមការឧបត្ថម្ភដោយមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គឡាន-ឆាង និងស្នើសុំកិច្ចសហការ និងការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា ក្នុងគោលបំណងជំរុញឱ្យគម្រោងនេះដំណើរការទៅដោយរលូន។
លោក លី ស៊ាង មីង បានលើកឡើងថាគម្រោងនេះមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយបទល្មើសផ្សេងៗដែលកំពង់កើតមាន រួមទាំងបទល្មើសចរាចរណ៍ផងដែរ និងការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ហើយលោក បានសន្យាថានឹងរាយការណ៍ពីសំណើសុំកិច្ចសហការ និងការគាំទ្រលើគម្រោងនេះ ជូនលោក ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
សូមជម្រាបថាគម្រោងខាងលើនឹងបំពាក់កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធវិភាគទិន្នន័យនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយបទល្មើសផ្សេងៗដែលកំពង់កើតមាន រួមទាំងបទល្មើសចរាចរណ៍ផងដែរ និងជួយជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ៖ សិលា