អាវុធចិន បានក្លាយជាជម្រើសដ៏ពេញនិយមរបស់ប្រទេសជាច្រើន ពិសេសគឺប្រទេសតំបន់អាស៊ី ដោយសារតែអាវុធចិនមានសមត្ថភាពមិនចាញ់អាវុធពីលោកខាងលិចនោះឡើយ ហើយមានតម្លៃទាបជាងផងដែរ។
សារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី១៥ ខែតុលា បានផ្សាយថា ប្រមុខការពារជាតិនៃប្រទេសឥណ្ឌូណេស៉ីបានឱ្យដឹងថា ឥណ្ឌូណេស៉ីនឹងទិញយន្តហោះចម្បាំងយ៉ាងហោច៤២គ្រឿងពីប្រទេសចិន ដោយវានឹងជាលើកដំបូងបង្អស់ ដែលប្រទេសអាស៊ានមួយនេះទិញយន្តហោះចម្បាំងមិនមែនផលិតដោយលោកខាងលិច។
រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី លោក Sjafrie Sjamsoeddin បានប្រាប់ក្រុមអ្នកកាសែតនៅរដ្ឋធានីហ្សាការតាថា ក្នុងពេលឆាប់ៗ ឥណ្ឌូណេស៉ីនឹងទិញយន្តហោះចម្បាំង Chengdu J-10C ពីចិន ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់ខ្លួន។ យ៉ាងណាមិញ លោក Sjamsoeddin មិនបាននិយាយលម្អិតអ្វីទៀតនោះទេ អំពីគម្រោងទិញយន្តហោះចម្បាំងនេះ។ ក្នុងថ្ងៃដដែល រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌូណេស៉ី Purbaya Yudhi Sadewa ក៏បាននិយាយដែរថា ក្រសួងរបស់លោកបានអនុម័តកញ្ចប់ថវិកាមួយសម្រាប់ការទិញយន្តហោះចម្បាំងពីចិន ដែលបានឈានដល់ទំហំជាង៩ពាន់លានដុល្លារ។
សព្វថ្ងៃកងទ័ពអាកាសនៃប្រទេសឥណ្ឌូណេស៉ី មានយន្តហោះចម្បាំងមកពីប្រទេសចម្រុះ ដូចជាសហរដ្ឋអាមេរិក រុស្ស៉ី និងចក្រភពអង់គ្លេសជាដើម ប៉ុន្តែមួយចំនួននៃយន្តហោះទាំងនោះ គឺត្រូវការដំឡើងសមត្ថភាពបន្ថែម ឬប្តូរចេញតែម្តង។ កាលពីខែមិថុនា ឆ្នាំនេះ ប្រទេសតួកគីយ៉េ បានប្រកាសថា នឹងនាំចេញយន្តហោះចម្បាំង KAAN របស់ខ្លួនចំនួន ៤៨គ្រឿងមកឥណ្ឌូណេស៉ី។ រីឯកាលពីដើមឆ្នាំ២០២៤ ឥណ្ឌូណេស៉ី បានឈានដល់ការបញ្ជាទិញយន្តហោះចម្បាំង Rafale ៤២គ្រឿង ពីក្រុមហ៊ុនបារាំង Dassault ហើយការប្រគល់ដំបូងត្រូវបានរំពឹងថា នឹងធ្វើឡើងនៅអំឡុងដើមឆ្នាំ២០២៦៕ ដោយធីរីណា
រូបថត: Reuters