ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជេីញចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លេីវិស័យមីន (TWG-MA) ក្រោមអធិបតីភាព លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន។
ស្ថិតក្រោមមូលបទ «កិច្ចប្រឹងប្រែងរួមគ្នាឆ្ពោះទៅកម្ពុជាជាមួយគ្មានផលប៉ះពាល់ពីមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម» លោករដ្ឋមន្រ្តី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន(CMAA) និងបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ក្នុងការចូលរួមបន្តគាំទ្រនិងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវសកម្មភាពដោះមីនដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សន្តិសុខស្បៀង វប្បធម៌ និងសេដ្ឋកិច្ចនៅកម្ពុជា។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងថាការរំដោះនិងកម្ចាត់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានសារៈសំខាន់ណាស់ក្នុងវិស័យកសិកម្ម ដោយជួយកាត់បន្ថយផលប៉ះពាល់ដល់ប្រជាកសិករ និងផ្តល់នូវសុខសុវត្ថិភាពសម្រាប់ដីធ្វើកសិកម្ម ដែលជាភាពចាំបាច់ក្នុងការគាំទ្រការចិញ្ចឹមជីវិតប្រចាំថ្ងៃប្រកបដោយនិរន្តរភាព។ មកដល់ពេលនេះប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចប់សព្វគ្រប់នៅខេត្តចំនួន១៥ ប៉ុន្តែនៅមានខេត្តចំនួន ១០ទៀតដែលរួមមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារជាដើម នៅមិនទាន់បញ្ចប់ការបោសសម្អាត ដោយខេត្តទាំងនេះមានប្រវត្តិសាស្ត្រសង្គ្រាមរ៉ាំរ៉ៃ ហើយជាពិសេសតំបន់មួយចំនួននៅមិនទាន់កំណត់ព្រំដែនអន្តរជាតិចប់សព្វគ្រប់។
តាងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្រ្តី មានបំណងចង់ឱ្យដីទាំងអស់ក្លាយជានិមិត្តសញ្ញានៃក្តីសង្ឃឹម វាលបៃតងស្រស់ ដែលកើតចេញពីការខិតខំប្រឹងប្រែងគ្រប់តួអង្គពាក់ព័ន្ធជាមួយនឹងការប្តេជ្ញាចិត្ត និងការចូលរួមសហការរួមគ្នាដើម្បីបេសកកម្មកាត់បន្ថយភាពក្រីក្រ ធានាបាននូវសន្តិសុខស្បៀង និងការកសាងនូវសហគមន៍ជនបទរួមគ្នាក្រោមម្លប់សុខសន្តិភាព៕