ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសន្យា ដោះស្រាយឱ្យមានប្រសិទ្ធភាព ចំពោះរាល់សំណើរ និងសំណូមពរ ប្រជាព លរដ្ឋ ដែលបានស្នើសុំឱ្យអាជ្ញាធរជួយ ដូចជា បញ្ហាទឹកលិច នៅពេលភ្លៀងម្ដងៗ បញ្ហា សំរាម បញ្ហា បង្គោលភ្លើង បញ្ហាកាប់មែកឈើ និងបញ្ហាសន្ដិសុខ សុវត្ថិភាព សាធារណៈជាដើម បញ្ហាទាំងអស់នេះគឺបម្រើដល់ផលប្រយោជន៍និងតម្រូវការនានា ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានពិតប្រាកដ ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌចំការមន នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។ ពិធីនោះក៏មានការអញ្ជើញចូលរួមអធិបតីពី លោក ឯក ឃុន ដឿន អភិបាលរងរាជធានីភ្នំពេញ ជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានបញ្ជាក់ថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះ ស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីលើក កម្ពស់គុណភាពជីវិតរស់នៅរបស់ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន សង្កាត់ខណ្ឌឱ្យបានល្អប្រសើរ។ ការកំណត់ អាទិភាពនៃបញ្ហាប្រឈម និងសំណូមពរនេះ គឺបន្ទាប់ពីទទួលបានការលើកឡើងរបស់ប្រជាពលនៅមូលដ្ឋានតាមរយៈផ្ទាល់មាត់ និងជាលាយ លក្ខណ៍អក្សរនៅក្នុងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ។
លោក ឯក ឃុន ដឿន អភិបាលរងរាជធានីភ្នំពេញមានប្រសាសន៍ថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌចំការមនមានប្រជាពលរដ្ឋស្នើឱ្យជួយដោះ ស្រាយប្រព័ន្ធលូរំដោះទឹកនៅក្នុងសាលាជំនាន់ថ្មីបឹងត្របែក ជួយដាក់មន្រ្តីនរគបាលសម្រួលចរាចរណ៍ នៅកន្លែងដែលមានផ្លូវខ្វាត់ខ្វែងច្រើន ជួយពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន និងការស្នើសុំដាក់លូ បន្ថែមនៅកន្លែងដែលមានទឹកលិចដោយទឹកភ្លៀង។
លោក ឯក ឃុនដឿន បានបញ្ជាក់ថា ចំពោះបញ្ហាដាក់លូថ្មីបានណែនាំ ឱ្យលោកសាំ ពិសិដ្ឋប្រធានមន្ទីរសារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្តចុះពិនិត្យជាក់ស្តែងនៅក្នុងសាលាជំនាន់ថ្មីបឹងត្រែងឱ្យបានលឿន ដើម្បីកុំឱ្យប៉ៈពាល់ដល់ការរៀនសូត្ររបស់សិស្សានុសិស្ស។ រីឯសំណើសុំដាក់លូថ្មី នៅភូមិ១ សង្កាត់ទន្លេបាសាក់ គឺអាជ្ញាធរខណ្ឌចំកាមនត្រៀមចុះស្ថាបនានៅឆ្នាំ២០២៦ខាងមុខ។ ចំពោះសំណើសុំពន្លឿនការផ្តល់បណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ចំនួន២៧ឡូត៍ នៅភូមិ១០ សង្កាត់ទន្លេសាក់ លោកបានណែនាំក្រុមការងារខណ្ឌចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្តែង ហើយធ្វើរបាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីបន្ត។ ក្នុងនោះដែរលោក ក៏បានណែនាំឱ្យអធិការដ្ឋាននគរបាលខណ្ឌចំការ មន បន្តពង្រាយកម្លាំងនគរបាលចរាចរណ៍នៅតាមទី តំាងផ្លូវខ្វាត់ខែងច្រើន ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព។
សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្មក្នុងការស្តារ កសាង អភិវឌ្ឍន៍មូលដ្ឋានឱ្យមានភាពរីកចម្រើនគ្រប់វិស័យ រួមមានការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការកសាងហេដ្ឋរចនាសម្ព័ន្ធ កែលម្អអនាម័យបរិស្ថាន ការផ្តល់ សេវាសាធារណៈ សកម្មភាពមនុស្សធម៌ ការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ៕
