សេដ្ឋកិច្ច៖ តម្លៃហាងឆេងមាស បានបន្តកើនឡើងបំបែកកំណត់ត្រាខ្ពស់បំផុតដល់ជាង ៥ ២៣៥ ដុល្លារក្នុងមួយតម្លឹង នៅព្រឹកថ្ងៃសុក្រទី១៧ ខែតុលានេះ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយសារអត្រាការប្រាក់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក និងស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោក។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១៧ ខែតុលានេះ មាសបានឡើងថ្លៃពី៥១៦ ដែលជាតម្លៃកាលថ្ងៃទី ១៦តុលាម្សិលមិញនេះ រហូតដល់៥៣៥ដុល្លារក្នុងមួយជី។ ហើយបើយើងធៀបក្នុងរយៈពេល២សប្តាហ៍កន្លះកន្លងមកនេះ ពោលគិតពីដើមខែតុលាមកដល់ថ្ងៃទី១៧តុលានេះ តម្លៃមាសបានឡើងថ្លៃ៦៨ដុល្លារក្នុង១ជី។
នេះគឺជាការងើបឡើងខ្លាំងនៃតម្លៃមាស បើធៀបនឹងក្នុងរយៈពេល១ខែ កាលពីខែកញ្ញាកន្លងមក គឺមាសបានឡើងថ្លៃត្រឹមតែ៤៣ដុល្លារក្នុង១ជីប៉ុណ្ណោះ។
ហើយបើយើងក្រឡេកទៅមើលតម្លៃមាសកាលពីខែសីហាកន្លងមក គឺមាសឡើងថ្លៃបានតែ១៤ដុល្លារប៉ុណ្ណោះក្នុង១ជី ខណៈក្នុងរយៈពេល១ខែដូចគ្នាកាលពីខែកក្កដា មាសបានធ្លាក់ថ្លៃវិញអស់២ដុល្លារក្នុង១ជី។ យ៉ាងណាក៏ដោយ ចាប់ពីដើមឆ្នាំ២០២៥មកដល់ពេលនេះ អ្នកដែលបានទិញមាសទុក បានចំណេញប្រាក់២១៨ដុល្លារក្នុង១ជី៕