ខេត្តពោធិ៍សាត់៖ ប្រជានេសាទរស់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ចាប់តាំងពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងរហូតដល់ព្រំ ប្រទល់ខេត្តបាត់ដំបង ដែលប្រកបមុខរបរ នេសាទមិនមែនជាលក្ខណៈគ្រួសារបាន រាយការណ៍មកថា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកំពុងយកតួនាទីរបស់ខ្លួនធ្វើអាជីវកម្ម(ប្រមូលលុយពីពួកគាត់) ។
ប្រភពរាយការណ៍ខាងលើបន្តថា ប្រជានេសាទស្ទើរតែទាំងអស់ប្រកបមុខរបរ នេសាទជៀសមិនផុតពីការប្រើប្រាស់នូវ ឧបករណ៍ខុសច្បាប់ស្តីពីជលផលនោះទេ ពិសេសនារដូវបិទនេសាទភាគច្រើនប្រើ ឧបករណ៏លប,ណឬរ៉ាវ(ប)ជាប្រភេទ ឧបករណ៍រួមផ្សំនេះឯង ហើយការនេសាទធ្វើទៅបានគឺទាល់តែសូកប៉ាន់ទៅស្ថាប័នពាក់ព័ន្ធនោះដែរ ប៉ុន្តែអ្វីដែលពួកគាត់ទ្រាំ មិនបាននោះគឺក្រុមសមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកមែលតម្រូវឲ្យពួកគាត់បង់លុយក្នុង១ឡុកចំនួន១លានរៀល ឯណោះ ។
សូមបញ្ជាក់ថា ឧបករណ៍នេសាទខុសច្បាប់ស្តីពីជលផលប្រភេទឧបករណ៍ខាងលើនេះ មានចំនួនរាប់រយខ្សែនិងរាប់ពាន់ឡុក ។ ដូច្នេះបើដូចប្រភពឲ្យដឹងខាងលើនេះ តើលុយដ៏ច្រើនសម្បើមនេះយកទៅណា ?
ប្រភពដដែលបន្តទៀតថា កាលពីពេល ថ្មីៗកន្លងទៅនេះ ក្រុមសមត្តកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដឹកនាំដោយ លោក មែល ពាក់ស័ក្តិ៤បានតម្រូវឲ្យប្រជានេសាទរស់នៅផ្ទះលើផែបណ្ដែតទឹកបឹង ទន្លេសាបនៅភូមិដីរនាត,ភូមិព្រែកក្រ ស្ថិតនៅឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍ សាត់ត្រូវបង់លុយក្នុង១ឡុក១លានរៀល ហើយក្នុង១គ្រួសារយ៉ាងតិចក៍មានចំនួន១ខ្សែស្មើរនឹង២ឡុកដែរ ។ គ្រួសារខ្លះគេដាក់ហ៊ុនគ្នាមានដល់ទៅ៧-៨ ខ្សែជិត២០ឡុក ឯណោះ ។ ជាងនេះទៅទៀតនោះលោក មែលទើបតែយកលុយពីគ្រួសារ១នៅភូមិព្រែកក្រចំនួន៣លានរៀលនិងគ្រួសារ១ទៀត នៅ ភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបងចំនួន១៨លាន រៀល ព្រមទាំងគ្រួសារ១ទៀត នៅភូមិក្បាលតោលក៏ទើបយកលុយរួចចំនួន៣លាន រៀលកន្លះហើយមកទារលុយថែមចំនួន៩លានរៀល ទៀត តែគ្រួសារនេះនៅតែព្រមឲ្យតាមការសុំបង់រំលស់ចំនួន៣ដង ។ ក៏ ប៉ុន្តែមិនដឹង យ៉ាងម៉េច ធ្វើឲ្យលោកមែលក្តៅចិត្តទើបឈានដល់ការបង្រ្កាបនិងក៏មានការផ្ទុះការតវ៉ាផងដែរ ។
តាមការបញ្ជាក់ពីប្រជានេសាទខាង លើនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ពួកគាត់បាននាំគ្នាផ្តិតមេដៃលើពាក្យបណ្ដឹងតាមរយៈតំណាងរាស្រ្តដើម្បីឲ្យជួយដោះស្រាយចំពោះនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចយកលុយនេះ ។ ពាក់ព័ន្ធនឹងព័ត៌ មានពីប្រជានេសាទរិះគន់សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តយក អំណាចនិងតួនាទីគាបសង្កត់ពួកគាត់នេះ លោកវរសេនីយ៍ត្រី មាស ប៊ុនធឿន ហៅ មែលបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ថា ពួកនេះចេះតែនិយាយបំប៉ោងវាមានឲ្យស្អីវាជាក់ស្ដែងថ្មីៗនេះលោកបានចុះទៅ ម្ដុំភូមិព្រែកក្រ ឃុំមេទឹក បានឃើញបទល្មើសប្រភេទខាងលើជាច្រើនមានប្រវែងវែងៗ លោកក៏បានធ្វើកិច្ចសន្យាតម្រូវឲ្យពួកគាត់រុះរើដោយ ខ្លួនឯងអាចធ្វើឲ្យពួកគាត់ខឹងទើបប្រើ ភាសាបែបនេះ ។ ដោយឡែកលោកខូយ កុសល នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលបានឲ្យដឹងដែរថា ក្នុងករណីនេះលោកអត់ដឹងទេ,អត់បានពាក់ព័ន្ធអ្វីផង ៕
ដោយ៖ ប៉ឹម ពិន