ភាគីកូរ៉េ នឹងរៀបចំផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោង នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ជូនក្រសួងមហាផ្ទៃកម្ពុជា ដើម្បីកម្ពុជា ពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមចូលប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី គីម ជីណា (KIM JINA) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងសហការី នៅទីស្ដីការក្រសួងមហាផ្ទៃ។

ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ប្រកបដោយការស្ថាបនាត្រង់ទៅត្រង់មកជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ព្រមទាំងបានឯកភាពលើចំណុច​សំខាន់ៗ ចំនួន៣ ដើម្បីផ្ដល់ថាមពលបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។

ទី១.ក្រសួងមហាផ្ទៃកម្ពុជា និងភាគីកូរ៉េ នឹងបង្កើតក្រុមការងារ Task Force ដូចដែលកម្ពុជាធ្លាប់ធ្វើជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីជំរុញសន្ទុះការងារឱ្យកាន់តែប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងយន្តការនេះ លោកជំទាវ គីម ជីណា បានសន្យាថា ភាគីកូរ៉េនឹងផ្ដល់ការគាំទ្រលើការងារបណ្ដុះបណ្ដាល បំប៉នសមត្ថភាព ចែករំលែកព័ត៌មាន និងផ្លាស់ប្ដូរបទពិសោធ ជាមួយមន្រ្តីជំនាញ នៃក្រសួងមហាផ្ទៃកម្ពុជា។

២.ភាគីកូរ៉េ នឹងរៀបចំផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោង នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ជូនក្រសួងមហាផ្ទៃកម្ពុជា ដើម្បីកម្ពុជា ពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមចូលប្រទេស។ លោកអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការផ្ដល់ជូននេះថា ជាស្នូលសំខាន់មួយ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ។ កម្ពុជានឹងរៀបចំបញ្ជីឈ្មោះឧក្រិដ្ឋជនទាំងនោះដាក់ក្នុងបញ្ជីខ្មៅ ហាម​ឃាត់មិនឱ្យចូលដែនដីកម្ពុជា និងបញ្ជាឱ្យសមត្ថកិច្ចប្រុងប្រយ័ត្ន និងឃាត់ខ្លួនភ្លាមៗ នៅតាម​បណ្ដាច្រកទ្វារព្រំដែន។

៣.លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី គីម ជីណា បានឯកភាពគ្នាបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរៀងៗខ្លួនបន្ថែមទៀត អំពីគ្រោះថ្នាក់ នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងជំរុញឱ្យបណ្ដាប្រទេសផ្សេងទៀត រួមគ្នាធ្វើការងារនេះឱ្យបានសកម្ម និងគ្មានទីបញ្ចប់។

ក្នុងជំនួបនាឱកាសនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកទស្សនកិច្ច លោកស្រី គីម ជីណា និងសហការី នៅព្រះរាជាណាចក្រកម្ពុជា ថាជា សកម្មភាពគំរូ និងឆ្លុះបញ្ចាំងពីភាពប្រាកដនិយម ក្នុងកិច្ចសហការប្រតិបត្តិការដោះស្រាយបញ្ហារួម ពីព្រោះជាក់ស្ដែងណាស់ ការខិតខំដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធអនឡាញនេះ មិនមែនតែសម្រាប់ប្រជាជនកូរ៉េ ឬប្រជាជនកម្ពុជានោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជាតិលើពិភពលោកទាំងមូលផងដែរ។ លោកអភិសន្តិបណ្ឌិត បានបញ្ជាក់ថា កម្ពុជា បានអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ (ភាគច្រើនជាជនបរទេស) បញ្ជូនទៅតុលាការ​ផ្ដន្ទាទោស អនុវត្តនីតិវិធីបណ្ដេញ និងបញ្ជូនចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោង និងប្រតិបត្តិការសម្អាតប្រាក់ ទៅកាន់ប្រទេសក្នុងនិងក្រៅតំបន់ជាច្រើនករណី។ ប៉ុន្តែជាប្រការគួរឱ្យសោកស្ដាយ លទ្ធផលនេះ ត្រូវប្រទេស និងអង្គការអន្តរជាតិខ្លះ ផាត់ចោល ប៉ុន្តែព្យាយាម លាបពណ៌ដាក់បន្ទុក ទាំងធាតុពិត ប្រភពនៃបញ្ហា មានភាពប្រទាក់ក្រឡាជាមួយសមត្ថកិច្ចពួកគេដែរ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត សង្ឃឹមថា លោកជំទាវអនុរដ្ឋមន្រ្តីទី២ នឹងចូលរួមផ្ដល់ព័ត៌មានពិតទៅកាន់ថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន និងប្រជាជនកូរ៉េ អំពីស្ថានភាពជារួមនៅកម្ពុជា ដែល លោកជំទាវ និងសហការី បានឃើញ បានស្វែងយល់ និងបានទទួលព័ត៌មាន ពីដំណើរទស្សនកិច្ចនេះ។

លោកស្រី គីម ជីណា អនុរដ្ឋមន្រ្តីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ បានជម្រាប លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ថា ជាការពិត ឧក្រិដ្ឋជន នៃអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ មានខ្សែបណ្ដាញធ្វើសកម្មភាពទូលំទូលាយ ចេញពីគ្រប់ទី​កន្លែង និងបណ្ដាលឱ្យមានជនរងគ្រោះស្ទើរគ្រប់ប្រទេស ដែលទាមទារជាចាំបាច់ នូវកិច្ចសហប្រតិបត្តិការដោះស្រាយទ្វេរភាគី ឬជាសកល។ 

ជាការកត់សម្គាល់ លោកស្រី​ បានជម្រាប លោកអភិសន្តិបណ្ឌិត អំពីការចាប់អារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះទិដ្ឋភាពប្រទេសកម្ពុជាដែល លោកជំទាវ ទើបបានឃើញផ្ទាល់ភ្នែកជាលើកដំបូង ដោយពោលសរសើរក្នុងន័យដើមថា «កម្ពុជា ជាប្រទេសដ៏ស្រស់ស្អាត និងមានវប្បធម៌ដ៏ជ្រាលជ្រៅ»។ លោកស្រី ថែមទាំងបានបញ្ជាក់ពីគម្រោងនាំក្រុមគ្រួសារ មកទស្សនាប្រទេសកម្ពុជាដោយក្ដីរីករាយ ជាលក្ខណៈឯកជន នាពេលខាងមុខផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print