ទីតាំងឆបោក អនឡាញនៅភូមាបន្តដុះដូចផ្សិត ទោះបីមានប្រតិបត្តិការបំបែក និង ចាប់ខ្លួន មេក្លោងជនជាតិចិន

ចែករំលែក៖

ប្រទេសមីយ៉ាន់ម៉ា ៖ អាជ្ញាធរភូមានិង ចិន បាន ឭចាប់ផ្តើមប្រតិបត្តិការចុះបង្ក្រាប ទីតាំងឆបោក អនឡាញនៅភូមា តាំងតែពី ខែកក្កដា ឆ្នាំ ២០២៣ម្ល៉េះ។ គិតត្រឹមពេលនេះ មានជនជាតិចិន ប្រមាណ ៥៧ ០០០ នាក់ ត្រូវបានចាប់ខ្លួន ដែលក្នុងនោះមានមេក្លោងធំៗជាច្រើននាក់។ តែអ្វីដែលគេសង្កេត ឃើញគឺថា ទីតាំងឆបោកអនឡាននៅភូមា តាមបណ្តោយព្រំដែន ជាប់ទឹកដីថៃបានបន្តរីកដុះដូចផ្សិត ។ ផ្អែកតាមការស៊ើបអង្កេត របស់ទីភ្នាក់ងារព័ត៌មានបារាំង គឺទីតាំងឆបោក អនឡាញទាំងនោះ បានប្រើប្រាស់សេវាអ៊ីនធឺណិតផ្តល់ឲ្យដោយក្រុមហ៊ុន Starlink របស់លោក Elon Musk ថែមទៀតផង។

ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ Myawaddy ភាគអាគ្នេយ៍ប្រទេសភូមា ជាប់ព្រំដែនខេត្តតាក ប្រទេសថៃ បានក្លាយជាជង្រុកនៃ ទីតាំងឆបោកអនឡានយ៉ាងធំសម្បើម។ ដោយរងសំពាធពីរដ្ឋាភិបាលចិន អាជ្ញាធរភូមាសហការជាមួយអាជ្ញាធរថៃ បានចុះបង្ក្រាបបិទទីតាំងទាំងនេះ កាលពីដើមឆ្នាំ ២០២៥។ ប្រតិបត្តិការធំបំផុតនៅខែកុម្ភៈ បាន រំដោះបានមនុស្សចំនួន៧ ០០០ នាក់ ភាគច្រើនគឺជាជនជាតិចិន។

យោងតាម អង្គការសហប្រជាជាតិ មនុស្ស ទាំងនោះអ្នកខ្លះមកដោយ ស្ម័គ្រចិត្ត តែ ភាគច្រើន គឺសុទ្ធតែជាជនរងគ្រោះ ដែល ក្រុមអន្ធពាលបានល្បួងយកមក ហើយចាប់បង្ខាំងទុកក្នុងមណ្ឌលឲ្យធ្វើសកម្មភាពឆបោកតាមបណ្តាញសង្គម ប្រៀបបីដូចជាទាសករ ។ ជនរងគ្រោះខ្លះបានអះអាងប្រាប់អ្នកកាសែតថា ពួកគេបានរងនូវការធ្វើទារុណកម្ម វាយដំ បង្អត់អាហារ គ្មានថ្នាំព្យាបាលជាដើម។ល។

សង់អគារថ្មី កាន់តែច្រើនក៏ប៉ុន្តែ ប្រតិបត្តិការចុះបង្ក្រាបដ៏ធំនេះ បានរំលងផុតបានតែប៉ុន្មានសប្តាហ៍ គេសង្កេត ឃើញថា ទីតាំងឆបោកអនឡាញនៅតំបន់ Myawaddy បានចាប់ផ្តើមសកម្មឡើងវិញយ៉ាងរំភើយ ។ មិនត្រឹមតែសកម្មទេ គឺកាន់តែរីកធំថែមទៀត។ យោងតាម ទីភ្នាក់ងារព័ត៌មានបារាំង AFP ដោយផ្អែក លើរូបភាពផ្កាយរណប របស់ Planet Labs PBC គឺចន្លោះពីខែ មីនា ដល់ខែ កញ្ញា គេសង្កេតឃើញថា មានអគារថ្មី ៗរាប់សិបអគារ ត្រូវបាន គេសាងសង់បន្ថែមទៀត ជាក់ ស្តែង ដូច ជានៅតំបន់ KK Park ដែលគេស្គាល់ថា គឺជាទីតាំងឆបោកអនឡាញដ៏ធំមួយ នៅ ទី ក្រុង Myawaddy។

ហើយ ផ្អែកតាមរូបភាព ថតដោយដ្រូនរបស់អ្នកកាសែត AFP នៅខែកញ្ញាកន្លងទៅ គឺគេ ឃើញ យ៉ាងច្បាស់ នូវសកម្មភាព ការដ្ឋានសាងសង់ អគារ ជាមួយ និងផ្លូវថ្នល់ខ្វាត់ខ្វែង ច្រក ចូលកាន់តែធំជាង មុន និងបុគ្គលិកសន្តិសុខយាមកាន់តែច្រើន ។ ជាងនេះទៀត គេបាន សង្កេតឃើញ នូវ ចំណុចឆ្លងកាត់ចំនួន ៥ទីតាំងថ្មីផ្សេងទៀតនៅមាត់ ទន្លេ Moei ដែលខណ្ឌ ចែកទឹកដី ថៃនិងភូមា។ យោងតាមការវិភាគចំណុចឆ្លងកាត់ទាំងនេះ គឺជាទីដឹកជញ្ជូនសម្ភារៈ ផ្សេងៗ ឆ្លងពីថៃ ដើម្បីផ្គត់ផ្គង់ ទីតាំង ឆបោកអនឡាញ នៅខាងភូមា ។

បន្ថែមពីនេះទីភ្នាក់ងារព័ត៌មានបារាំង AFP បានប្រមូលព័ត៌មានបាន បញ្ជាក់ថា ក្នុង ចំណោម ទីតាំងឆបោកអនឡាញទាំង ២៦ ទីតាំងក្បែរតំបន់ Myawaddy ដែល ក្រុមការងារស៊ើបអង្កេតអូស្ត្រាលី ASPI បានស្រង់ទិន្នន័យបាន គឺមានច្រើនទីតាំង ដែល កំពុងត្រូវបាន គេសាងសង់ ជួលជុល ឬពង្រីកឲ្យកាន់តែធំ ។

ក្នុងចំណោមទីតាំងទាំងនេះ គឺមានទីតាំងមួយល្បីឈ្មោះជាងគេ ស្ថិតនៅតំបន់ Shwe Kokko ៣០គីឡូម៉ែត្រ ខាងជើង ទីក្រុង Myawaddy ។ កាលពីខែ កញ្ញាកន្លងទៅ អាជ្ញាធរ អាម៉េរិក បានដាក់ទណ្ឌកម្មទៅលើ មនុស្ស ៩នាក់ ដែលជាប់ពាក់ព័ន្ធនឹងទីតាំង ឆបោក អនឡាញ Shwe Kokko នេះ ព្រមទាំងមេក្រុមអន្ធពាលជនជាតិ ចិនម្នាក់ ឈ្មោះ She Zhijiang ដែល ម្ចាស់គម្រោងសាងសង់ Yatai New City នៅក្នុងតំបន់ នេះ ។

សេវាអ៊ីនធ័រនិត របស់ក្រុមហ៊ុន Starlink

យោងតាមរូបភាពផ្កាយរណបដដែល គេសង្កេតឃើញថា នៅលើដំបូល ទីតាំងឆបោកអន ឡាញទាំងអស់ នោះ គឺសុទ្ធតែបំពាក់ ដោយ បង្គោលអង់តែនរបស់ក្រុមហ៊ុន Starlink ។ ពោល គឺ ក្រុមហ៊ុន Starlink របស់ លោក Elon Musk បានក្លាយជាអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺ ណិត ដ៏សំខាន់ជាងគេ១ក្នុងចំណោម ២ នៅភូមា បើគិតចាប់ពីខែឧសភាមក។

កាលពីខែ កក្កដា សភាខុនហ្ក្រេសអាម៉េរិក បានបើកការស៊ើបអង្កេត ទាក់ទិននឹងការចូលរួម ចំណែករបស់ ក្រុមហ៊ុន Starlink នៅក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត ឲ្យ ទីតាំង ឆបោកអន ឡាញនៅភូមា។ យោងតាម ក្រសួងហិរញ្ញវត្ថុអាម៉េរិក សកម្មភាពឆបោក ដែលមានប្រភព ចេញពីប្រទេសនៅ អាស៊ីអាគ្នេយ៍ បាន ធ្វើ ឲ្យ ប្រជាជនអាម៉េរិក រងគ្រោះ គិតជាទឹកប្រាក់ ប្រមាណ ១ម៉ឺនលានដុល្លារ កាលពីឆ្នាំ ២០២៤។ ជាទំហំទឹកប្រាក់ ដែល បាន កើនឡើងដល់ ទៅ ៦៦% បើប្រៀបធៀបទៅឆ្នាំ ២០២៣។

ចាប់ខ្លួនជនជាតិចិនបាន ៥៧ ០០០ នាក់

គួរបញ្ជាក់ដែរថា ភាគច្រើននៃអ្នកដែលត្រូវគេចាប់បង្ខំ ឲ្យ ធ្វើការក្នុងទីតាំងឆបោកអនឡាញ គឺសុទ្ធតែជាជនជាតិចិន។ មតិមហាជនចិនបានតាមដានយកចិត្តទុកដាក់ជាខ្លាំង ។ ប្រឈម នឹង បញ្ហាទាំងអស់នេះ រដ្ឋាភិបាលចិន បានចាប់ផ្តើម ដាក់សំពាធ ឲ្យ របបសិកភូមា បង្ក្រាប ទីតាំងឆបោកទាំងនេះ តាំងតែ ពី ចុងឆ្នាំ ២០២៣ម្ល៉េះ ។ យោងតាមលិខិតប្រកាស ជា បន្ត បន្ទាប់ក្នុងសប្តាហ៍ នេះ អាជ្ញាធរចិនបាន អះអាងថា គិតត្រឹមពេលនេះ គេបានចាប់ខ្លួនជន ជាតិចិន ប្រមាណ ៥៧ ០០០ នាក់ ដែលពាក់ព័ន្ធក្នុងសកម្មភាពឆបោកអនឡាននៅភូមា ។

ក្រសួងសន្តិសុខសាធារណៈលើបណ្តាញសង្គមចិន បាន ប្រកាសនៅថ្ងៃសុក្រទី ១៧តុលាថា តុលាការចិន បាន ចោទប្រកាន់ កាលពីខែកញ្ញា ទៅលើមេក្លោង ជនជាតិចិនម្នាក់ ឈ្មោះ Xu Faqi ព្រមទាំងសមាជិក ច្រើននាក់ទៀតនៃក្រុមអន្ធពាល ដែលគ្រប់គ្រង ទីតាំងឆបោក អន ឡាញ ចំនួន ១៦ទីតាង នៅ តំបន់ Kokang រដ្ឋស្ហានប្រទេសភូមា ជាប់ខេត្តយូណានរបស់ចិន ។ ហើយ កាលពីថ្ងៃពុធ អាជ្ញាធរចិនអះអាង ថា គេត្រៀមកាត់ទោសក្រុមអន្ធពាល ២ក្រុម មួយ មានទីតាំងឆបោកអនឡាញនៅភូមា ៣១ទីតាំង មួយទៀតមាន ២៨ទីទាំង នៅក្នុង តំបន់ Kokang ដដែលនេះ ។ ក្រុមអន្ធពាលនីមួយៗ មានក្រុមប្រដាប់អាវុធចាំ ការពារ ទីតាំងរបស់ ពួកគេ ចន្លោះពី ៤០០ ទៅ ៦០០នាក់យ៉ាងតិច ។

សូមរំលឹកថា ផ្អែកតាមរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ ២០២៣ មាន មនុស្សយ៉ាងហោច ១២ម៉ឺននាក់ ដែលត្រូវគេបង្ខំ ឲ្យធ្វើសកម្មភាពឆបោក អនឡាញ នៅតាម ទីតាំងក្នុងទឹកដី ភូមា។ ហើយ នៅ ប្រទេស កម្ពុជាវិញ របាយការណ៍នេះអះអាងថា អាចមាន លើសភូមា ដល់ទៅ ១០ម៉ឺននាក់ ៕

...

ប្រភព ៖ (ថ្មីថ្មី-ទីភ្នាក់ងារព័ត៌មានបារាំង AFP )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print