ប្រទេសមីយ៉ាន់ម៉ា៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានប្រតិភូកម្ពុជាថ្លែងបែបនេះក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈ កម្មាធិការមន្ត្រីជាន់ខ្ពស់នៃប្រទេសហត្ថលេខី នៃអនុស្សរណៈយោគយល់គ្នា ស្តីពីបញ្ហាគ្រឿងញៀននៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (MOU) ក្រោមវត្តមាន UNODC និងបណ្ដាប្រទេសជាហត្ថលេខីMOUឆ្នាំ ១៩៩៣ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងYangon នៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា។
ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងនូវការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្របខណ្ឌ MOU មេគង្គ។
ក្នុងឱកាសនោះដែរ ជាមួយនឹងការប្តេជ្ញាចិត្តនេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្តថា កម្ពុជាបានអនុវត្តពេញលេញនូវផែនការសកម្មភាពអនុតំបន់ XII ឆ្នាំ២០២៤ កន្លងមក និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបានតាមរយៈការងាររបស់ក្រុមការងារនៃប្រធានបទចំនួនបីគឺ ការអប់រំ បង្ការ ការត្រួតពិនិត្យសារធាតុគីមី និងការវិភាគគ្រឿងញៀន ហើយកម្ពុជានិងបណ្ដាប្រទេសជាសមាជិកMOUឆ្នាំ១៩៩៣ទាំងអស់បានក៏បានប្ដេជ្ញាចិត្តចូលរួមអនុវត្តន៍នូវផែនការសកម្មភាពSAPXIII ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានសុំអង្គប្រជុំពិចារណានូវការងារមួយចំនួនដើម្បីពង្រឹងនិងលើកកំពស់បាននូវប្រសិទ្ធភាព ភាពប្រសើរ នៃគោលនយោបាយអភិបាលកិច្ចគ្រឿងញៀន និងសមត្ថភាពស្ថាប័ននៅទូទាំងតំបន់មានដូចជា៖ ១.ការគាំទ្រ យកចិត្តទុកដាក់ពីសមាជិកនិងភាគីពាក់ព័ន្ធចំពោះការអនុវត្តSAP XIII .២.ការចែករំលែកព័ត៌មាន ស៊ើបការណ៍សម្ងាត់ទាក់ទងនឹងការស៊ើបអង្កេតនិងការរត់គេចខ្លួន ៣.ការកសាងសមត្ថភាព ការគាំទ្រ (BLOs) ទាំងឧបករណ៍ បច្ចេកទេសពី UNODCនិងដៃគូ ៤.UNODC អាចពិចារណាគាំទ្រគំនិតផ្តួចផ្តើមទ្វេភាគីជាមួយបណ្តារដ្ឋជាសមាជិកហើយកម្ពុជាលើកទឹកចិត្តដល់រដ្ឋសមាជិកឱ្យយកចិត្តទុកដាក់ចំពោះក្រុមការងារទាំងបី ។
ថ្លែងក្នុងពិធីបើកកាលថ្ងៃទី១៦ នាយឧត្តមសេនីយ៍ អុង កាវកាវ( Aung Kyaw Kyaw) អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមីយ៉ាន់ម៉ាបានថ្លែងថាត្រីកោណមាសបន្តជាទីតាំងដាំដុះអាភៀន ការផលិត និងការជួញដូរនូវសារធាតុញៀននិងសារធាតុគីមីដែលគ្មានសញ្ញាថមថយទេគឺកើនឡើងធ្ងន់ធ្ងរគួរព្រួយបារម្ភក្នុងតំបន់និងពិភពលោកហើយមីយ៉ាន់ម៉ាប្តេជ្ញាបន្តខិតខំប្រឹងប្រែងនិងសហការជាមួយរបណ្តារដ្ឋសមាជិកMOUនិងដៃគូនានា ដោះស្រាយបញ្ហាគ្រឿងញៀនដែលកំពុងរីករាលដាលនៅក្នុងអាងទន្លេមេគង្គឲ្យទទួលបានជោគជ័យ៕ដោយ៖តារា