មន្ត្រីវេណេហ្ស៊ុយអេឡានិយាយថា ប្រទេសនេះកំពុងពង្រឹងការការពាររបស់ខ្លួនទាំងនៅលើគោក និងនៅសមុទ្រ ខណៈដែលសហរដ្ឋអាមេរិកបង្កើនចលនាយោធានៅក្នុងតំបន់។
មន្ត្រីវេណេហ្ស៊ុយអេឡាពីរនាក់ដែលដឹងពីផែនការយោធារបស់រដ្ឋាភិបាលបានប្រាប់ ABC News នៅថ្ងៃទី 17 ខែតុលាថា ប្រទេសនេះបានបង្កើតជួរមុខប្រហែល 284 នៅលើដីនិងនៅសមុទ្រក្នុងករណីមានជម្លោះជាមួយសហរដ្ឋអាមេរិក។
សមាជិកកងជីវពលប្រដាប់អាវុធប្រហែល 4.5 លាននាក់ក៏ត្រូវបានដាក់ពង្រាយដើម្បីការពារតំបន់ឆ្នេរ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។
មន្ត្រីវេណេហ្ស៊ុយអេឡាពីររូបក៏បានបង្ហើបថា កាតារ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បានដើរតួនាទីសម្របសម្រួលក្នុងការចរចាជម្លោះអុីស្រាអែល-ហ្គាហ្សា កំពុងសម្របសម្រួលកិច្ចសន្ទនារវាងទីក្រុងវ៉ាស៊ីនតោន នឹងទីក្រុងការ៉ាកាស។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានប្រកាសក្នុងសប្តាហ៍នេះថា លោកកំពុងអនុវត្តផែនការការពារជាតិ “Independence 200” ដើម្បីឆ្លើយតបទៅនឹងសេណារីយ៉ូនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក ដោយប្រមូលផ្តុំកងទ័ព ប៉ូលិស និងកងជីវពលទាំងមូល។ គាត់បាននិយាយនៅក្នុងវីដេអូមួយថា “យើងបានធ្វើឱ្យសកម្មមូលដ្ឋានការពារនៅក្នុង Merida, Trujillo, Lara និង Yaracuy” ។
ក្នុងរយៈពេលមួយខែកន្លងមកនេះ សហរដ្ឋអាមេរិកបានវាយប្រហារម្តងហើយម្តងទៀតនូវយានជំនិះមួយចំនួននៅសមុទ្រការ៉ាប៊ីន ដោយពណ៌នាថាជាទូកលឿន និងនាវាមុជទឹកផ្ទុកគ្រឿងញៀន ដែលខ្លះមានប្រភពមកពីប្រទេសវេណេហ្ស៊ុយអេឡា ឬមានទំនាក់ទំនងជាមួយអង្គការឧក្រិដ្ឋជននៅក្នុងប្រទេសនេះ៕ ដោយធីរីណា
រូបថត: vnexpress