នៅទីក្រុងវីយែន៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពេលទស្សនកិច្ចនៅទី អំឡុងពេលទស្សនកិច្ចនៅទីក្រុងវីយែន លោកសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានជួបប្រជុំទ្វេភាគីជាមួយ លោកបណ្ឌិត ZOU Clyong អគ្គនាយករង នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម និងជានាយកគ្រប់គ្រង នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការ បច្ចេកទេស និងគុណភាព នៅទីស្នាក់ការកណ្តាល UNIDO ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។
លោកបណ្ឌិតសភា ចារ្យ ក៏បានជួបជាមួយនឹង លោកបណ្ឌិត Kai Bethke ប្រធានការិយាល័យគោលនយោបាយ និងបង្កើតគោល នយោបាយ នៃនាយកដ្ឋានភាពជាដៃគូសកល និងទំនាក់ទំនងខាងក្រៅ (GLO) ព្រមទាំងបានជួបពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់ពីការិយាល័យភាពប្រកួតប្រជែង គុណភាព និងការបង្កើតការងារនៃសហគ្រាសធុនតូច និងមធ្យមផងដែរ។
គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រៀមលក្ខណៈសម្រាប់ការចូលរួមរបស់ប្រទេសកម្ពុជាក្នុង «កិច្ចប្រជុំ កំពូលឧស្សាហកម្មសកល៖ សន្និសីទសាមញ្ញលើកទី២១ របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតសភាចារ្យ នឹងអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការពិភាក្សានេះក៏បានផ្តោតសំខាន់ទៅលើការត្រៀមខ្លួនរបស់ប្រទេសកម្ពុជាក្នុងការចាកចេញពីប្រទេសដែលមាន ការអភិវឌ្ឍតិចតួច (LDC) នាពេលខាងមុខ ដោយសង្កត់ធ្ងន់ទៅលើតម្រូវការចាំបាច់ក្នុងការបង្កើនសមត្ថភាព និងជំនាញបច្ចេកទេស ដើម្បីលើកកម្ពស់ស្តង់ដារក្នុងវិស័យអាទិភាពសំខាន់ៗ ដែលជាវិស័យស្នូលរបស់ប្រទេសកម្ពុជាមានដូចជា កសិកម្ម ជលផល ការកែច្នៃកសិផល និងបច្ចេកវិទ្យាបៃតង។ លោកបណ្ឌិតសភាចារ្យ បាន គូសបញ្ជាក់អំពីផលប៉ះពាល់យូរអង្វែងនៃការរាតត្បាតជំងឺកូវីដ-១៩ និងការរំខានព្រំដែនថ្មីៗនេះ លើខ្សែសង្វាក់ ផ្គត់ផ្គង់ ដោយសង្កត់ធ្ងន់អំពីភាពបន្ទាន់ក្នុងការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមអំពីផលវិបាកនៃការបិទព្រំដែនឯកតោភាគី និងបានអះអាងសារជាថ្មីនូវគោលជំហររបស់ កម្ពុជាទៅលើបញ្ហាព្រំដែនដែលកំពុងបន្តនេះ។
អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានបង្ហាញការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជាដើម្បីឱ្យការផ្លាស់ប្តូរនេះទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព តាមរយៈ កិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យអាទិភាពដូចជា ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម ការកែច្នៃកសិផល និងបច្ចេកវិទ្យាបៃតង៕