ខេត្តកណ្ដាល÷ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Kheang ដែលបានបង្ហោះមានខ្លឹមសារថា៖ សេចក្តីជូនដំណឹង សូមបងប្អូនជួយចែករំលែកបន្តផង !
ប្អូនប្រុស ឈ្មោះ ម៉ន ហេងឈ័ង ភេទប្រុស នៅថ្ងៃទី ១១.១០.២០២៥ មុនពេលបាត់ខ្លួន ប្អូនប្រុសបានទៅចូលរួមកម្មវិធីរបស់មិត្តភក្តិនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រហូតដល់ម៉ោងនេះមិនទាន់បានដឹងឮដំណឹងច្បាស់លាស់នោះទេ គាត់នៅភូមិផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើ សិនបងប្អូនបានឃើញដូចនៅក្នុងរូបនេះសូមបងប្អូនទាក់មកខ្ញុំបាទផង រឺទាក់ទងសាច់ញាតិរបស់គាត់ ០៨៨ ២៤៧៧៦៨៣ , ០៧០ ៨៩៨៣៨៥ សូមអគុណ!
ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវករណីខាងលើភ្លាមៗ។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០ នាទី សមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជ័យធំ ចុះដល់ផ្ទះឈ្មោះ អ៊ុក ស្រីលក្ខ័ ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាមការបំភ្លឺពីឈ្មោះ អ៊ុក ស្រីលក្ខ័ ភេទស្រី និង ឈ្មោះ ផុន ហាំងគ្រីត ភេទ ប្រុស ជាគូរដណ្តឹង បានបំភ្លឺប្រាប់សមត្ថកិច្ចថា៖ នៅថ្ងៃទី០១.១០.២០២៥ ម៉ោង១២.២២នាទី ខ្លួនបានឆាតតាម Messenger ទៅឈ្មោះ ម៉ន ហេងឈ័ង ភេទ ប្រុស នៅភូមិ ផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រាប់ឲ្យមកចូលរួមក្នុងពិធីភ្ជាប់ពាក្យខ្លួននៅថ្ងៃទី១១.១០.២០២៥ ប្រារព្ធនៅភូមិជ័យធំ ឃុំជ័យធំ ឈ្មោះ ម៉ន ហេងឈ័ង ក៏យល់ព្រម។
លុះដល់ថ្ងៃទី១១.១០.២០២៥ ម៉ោងប្រហែល៦ .៤០ នាទីព្រឹក ឈ្មោះ ម៉ន ហេងឈ័ង បានជិះម៉ូតូតែម្នាក់ឯង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ មិនចាំផ្លាកលេខ មកចូលរួមពិធីភ្ជាប់ពាក្យខ្លួន ហើយឈ្មោះ ម៉ន ហេងឈ័ង បានឡើងទៅចងដៃ និងបានចូលរួមហូបស្រាបៀរ ជាមួយមិត្តភក្តិខ្លួន ដល់ម៉ោងប្រហែល១៤. ០០នាទី ឈ្មោះ ម៉ន ហេងឈ័ង បានលាខ្លួន និងគូរដណ្តឹងត្រឡប់ទៅផ្ទះវិញ និងបាននិយាយប្រាប់ខ្លួន និងគូរដណ្តឹងថា សុំទៅមុនហើយ ព្រោះមានកម្មវិធីនៅផ្ទះ ខ្លួននិងគូរដណ្តឹងក៏មិនហ៊ានឃាត់ ភ្លាមនោះឈ្មោះ ម៉ន ហេងឈ័ង បានឡើងជិះម៉ូតូចេញពីផ្ទះកម្មវិធីសំដៅទៅទិសខាងកើតតែម្នាក់ឯងបាត់ទៅ ។
ដល់ថ្ងៃទី១២. ១០.២០២៥ ម៉ោងប្រហែល៨ព្រឹក មានស្ត្រីម្នាក់អះអាងថាជាសង្សារបស់ឈ្មោះ ម៉ន ហេងឈ័ង បានឆាតមកសួរខ្លួនថា ឈ្មោះ ម៉ន ហេងឈ័ង នៅហ្នឹងអត់? និងប្រាប់ថា ចាប់តាំងពីថ្ងៃដែលឈ្មោះ ម៉ន ហេងឈ័ង មកពិធីភ្ជាប់ពាក្យខ្លួនមក មិនឃើញឈ្មោះម៉ន ហេងឈ័ង ត្រឡប់មកផ្ទះវិញទេ និងមិនអាចទាក់ទងទៅឈ្មោះ ម៉ន ហេងឈ័ង បានឡើយ។
ដល់ថ្ងៃទី១៣.១០.២០២៥ ម៉ោង២.៣០នាទី ទើបក្រុមគ្រួសាររបស់ឈ្មោះ ម៉ន ហេងឈ័ង បានមកដាក់ពាក្យ បណ្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជ័យធំ ឲ្យជួយស្រាវជ្រាវរកឈ្មោះ ម៉ន ហេងឈ័ង។
រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៣០នាទី ប្រជាពលរដ្ឋបានប្រទះឃើញសាកសព ជនរងគ្រោះនៅក្នុងប្រឡាយអែបផ្លូវជាតិលេខ៨ ចំណុច មុខវត្តព្រៃបាំង ស្ថិតភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
វត្ថុតាងចាប់យក ÷
-ម៉ូតូ១គ្រឿងម៉ាក HONDA 125cc ពណ៌ខ្មៅ ផលិត ឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JB-7506
-កាបូបស្ពាយពណ៌ខ្មៅ១ និងសម្ភារ:មួយចំនួននៅក្នុងការបូប
-ទូរសព្ទម៉ាក iphone16 ប្រូពណ៌ខ្មៅប្រើស៊ីមលេខ 069 40 41 19
-ខ្សែកលោហ:ធាតុផ្លាកទីន០១ខ្សែ។
សន្និដ្ឋាន៖
ផ្អែកតាមជំនាញ និងយោបល់គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារបើកបរម៉ូតូក្នុងល្បឿនលឿន លើផ្លូវកោងខ្វះការប្រុងប្រយត្ន័ ធ្លាក់ចូលប្រឡាយ។
អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបតាមការគួរ៕