សម្រស់ប្រាសាទប្រែរូប អមដោយធម្មជាតិបៃតងស្រស់បំព្រងនារដូវវស្សា

ចែករំលែក៖

ខេត្តសៀមរាប ៖ ប្រាសាទប្រែរូប ជាប្រាសាទភ្នំមួយ ដែលបានកសាងឡើងក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១។ ប្រាសាទនេះ សាងសង់អំពីថ្មបាយក្រៀម ថ្មភក់ និងឥដ្ឋ។
សម័យអង្គរ ត្រូវបានបុរាណវិទូកំណត់ចាប់ពីចន្លោះសតវត្សរ៍ទី៩ ដល់ពាក់កណ្ដាលសតវត្សរ៍ទី១៥។ ប្រាសាទប្រែរូប ត្រូវបានសាងសង់តាំងពីសតវត្សទី១០ ឆ្នាំ៩៦១នៃគ.ស ក្នុងរាជព្រះបាទរាជេន្ទ្រវម៌្មទី២។ ព្រះបាទរាជេន្រ្ទវម៌្មទី២បានសង់ប្រាសាទនេះ ដើម្បីឧទ្ទិសជូនព្រហ្មញសាសនា។
ប្រាសាទប្រែរូប ជាសំណង់អំពីឥដ្ឋដែលធំជាងគេនៅក្នុងសម័យអង្គរ។ ប៉ុន្តែ ថ្មបាយក្រៀម និងថ្មភក់ ក៏ត្រូវបានប្រើប្រាស់ដើម្បីធ្វើជា កំពែង ខឿន សសរពេជ្រ ស៊ុមទ្វារ និងផ្ដែរ។ ប្រាសាទប្រែរូប មានប្រាង្គចំនួនប្រាំ ដែលសង់ជាទម្រង់ប្រាសាទភ្នំ។
អ្នកស្រុក បាននិទានបន្តៗគ្នាពីការហៅឈ្មោះប្រាសាទប្រែរូបនេះ។ ប៉ុន្តែបុរាណវិទូ និងអ្នកស្រាវជ្រាវ បានពន្យល់តាមបែបបុរាណវិទ្យា និងបានសិក្សាពីឈ្មោះដើមនៃប្រាសាទនេះ។ លោក សួម សុភា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បកស្រាយពីអត្ថន័យ នៃឈ្មោះប្រាសាទប្រែរូបនេះ ផ្អែកតាមសិលាចារឹកមួយនៅក្នុងប្រាសាទប្រែរូបនេះ។
បុរាណវិទូវ័យក្មេងរូបនេះ បានថ្លែងដូច្នេះ៖ « នៅក្នុងសិលាចារឹកហ្នឹង គេនិយាយផ្ដោតសំខាន់ពីទេពមួយអង្គ ដែលមានឈ្មោះថា រាជេន្ទ្រវិស្វរូប។ ប៉ុន្តែបើយើងហៅឱ្យខ្លី គឺ វិស្វរូប ដែលអ្នកស្រាយជ្រាវយល់ថា ឈ្មោះប្រាសាទ នៃប្រាសាទ (ឈ្មោះប្រែរូប) ក្លាយមកពីពាក្យ វិស្វរូប»។

ប្រភព រូបភាព៖ ស៊ុំ សុមេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print