ភ្នំពេញ ៖ ជនសង្ស័យដែលធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូមួយគ្រឿងមិនបានសម្រេចនៅតាមមហាវិថីឈ្នះឈ្នះក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការ ជាមួយអធិការដ្ឋាននានា ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៦ នាក់បន្ទាប់ពីធ្វើសកម្មភាពធាក់ម៉ូតូផ្ដួលកាប់ប្លន់មិនដល់២៤ម៉ោងផង។
ជនសង្ស័យរូបនោះ១-ឈ្មោះ ធី សុខថា ហៅ ញ៉ាញ ភេទប្រុស អាយុ២០ឆ្នាំ,២.ឈ្មោះ ភឿន វុធឌី ហៅឌី ភេទប្រុស អាយុ២៥ឆ្នាំ ,៣ឈ្មោះ សរ ដេវីត ហៅ វិត ភេទប្រុស អាយុ២០ឆ្នាំ,៤.ឈ្មោះ អុច សូលីម៉ាទូសុីង ហៅ សុីង ភេទប្រុស អាយុ២០ឆ្នាំ,៥.ឈ្មោះ ស្រី គិមសុីរ ហៅ ត្រេន ភេទប្រុស អាយុ១៦ឆ្នាំនិង៦.ឈ្មោះ ណឿន វាសនា ហៅ ស្នា ភេទប្រុស អាយុ២០ឆ្នាំ។
លោកវរសេនីយ៍ឯកម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃ ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
និងលោកឧត្តមសេនីយ៍ត្រីប៊ុន សត្យាស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ នគរបាល ជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានចុះសហការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់កាលពីយប់ថ្ងៃទី១៧ខែ តុលា ឆ្នាំ២០២៥។
លោកវរៈសេនីយ៍ឯក ម៉ម សាវន បានអោយដឹងទៀតថាជនសង្ស័យជាមុខសញ្ញាមុខប្លន់ដែលធ្វើសកម្មភាពពីរករណី,ករណីទី១.ធ្វើសកម្មភាព លួចមានស្ងានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ) បណ្តាលអោយជនរងគ្រោះម្នាក់រងរបួសធ្ងន់ ធ្លាយពោះនៅចំណុច ផ្លូវមហាវិថីឈ្នះឈ្នះ ក្រុមទី១៤ ភូមិបាក់ខែងលេីសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ០៤ម៉៣០នាទី ថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២៥។
ករណីទី២: លួចមានស្ងានទម្ងន់ទោស បណ្តាលអោយជនរងគ្រោះជាបុរស រងរបួស ធ្ងន់ (ប្លន់យកម៉ូតូ) នៅផ្លូវ ៣០ម៉ែត្រ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោងជាង២យប់រំលងអាធ្រាត្រ ថ្ងៃទី១៣ខែតុលា ឆ្នាំ ២០២៥។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមានៈម៉ូតូ៤គ្រឿង និងដាវចំនួន២ដេីមដែលធ្វេីសកម្មភាពកាប់ជនរងគ្រោះផងដែរ៕ដោយ ៖ ភារ៉ា ដង្កោ