ប្រទេសកាតាបានប្រកាសថា រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានឈានដល់ការឯកភាពគ្នាលើ “បទឈប់បាញ់ជាបន្ទាន់” ដើម្បីបញ្ចប់ជម្លោះព្រំដែន។
ក្រសួងការបរទេសកាតាបាននិយាយនៅថ្ងៃនេះថា “បន្ទាប់ពីកិច្ចចរចានៅទីក្រុងដូហានៅថ្ងៃទី 18 ខែតុលាដែលសម្របសម្រួលដោយកាតានិងទួរគី អាហ្វហ្គានីស្ថាននិងប៉ាគីស្ថានបានយល់ព្រមលើបទឈប់បាញ់ភ្លាមៗនិងការបង្កើតយន្តការដើម្បីពង្រឹងសន្តិភាពនិងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ” ។
ក្រសួងបានបន្ថែមថា ភាគីទាំងពីរបានយល់ព្រមនឹងបើកកិច្ចប្រជុំបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីធានាដល់ការថែរក្សា និងការត្រួតពិនិត្យបទឈប់បាញ់។
រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif ដែលជាប្រធានអ្នកចរចារបស់ទីក្រុង Islamabad បានបញ្ជាក់ពីបទឈប់បាញ់ដោយបន្ថែមថា តំណាងនៃប្រទេសទាំងពីរនឹងជួបប្រជុំគ្នានៅទីក្រុង Istanbul ប្រទេស Türkiye នៅថ្ងៃទី 25 ខែតុលា។
លោក Asif បាននិយាយថា “សកម្មភាពភេរវករដែលបានធ្វើឡើងពីប្រទេសអាហ្វហ្គានីស្ថានប្រឆាំងនឹងទឹកដីប៉ាគីស្ថាននឹងបញ្ឈប់ភ្លាមៗ។ ប្រទេសទាំងពីរគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក”។
រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថានមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់និយាយមុននេះថាប្រធានក្រុមចរចារបស់ក្រុងកាប៊ុលគឺរដ្ឋមន្ត្រីការពារជាតិ Mullah Muhammad Yaqoob។
ភាពតានតឹងរវាងរដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានផ្ទុះឡើងដល់ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅព្រំដែនកាលពីយប់ថ្ងៃទី 11 ខែតុលា។ រដ្ឋាភិបាលតាលីបង់បាននិយាយថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យប៉ាគីស្ថានជាការឆ្លើយតបទៅនឹង “ការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានលើទីក្រុងកាប៊ុលពីរថ្ងៃមុន” ។ ទាំងកម្លាំងតាលីបង់ និងប៉ាគីស្ថានបានអះអាងថាបានសម្លាប់ទាហានគ្នាទៅវិញទៅមករាប់សិបនាក់៕
រូបថត: X