ខេត្តកណ្តាល ៖ «ខ្ញុំ និង សម្តេចតេជោ មិនចេញបកស្រាយរញ៉េរញ៉ៃ ដោយទុកភារកិច្ចឱ្យស្ថាប័នជូនដំណឹងប្រជាពលរដ្ឋ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់យ៉ាងដូច្នេះទាក់ទងនឹងគោលជំហរ លើដំណោះស្រាយបញ្ហាព្រំដែន។ ខណៈសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។
ក្នុងនោះ បញ្ហាព្រំដែន សម្តេច ហ៊ុន ម៉ាណែត លើកពីអភិក្រម នៃការដោះស្រាយ មិននិយាយពីអារម្មណ៍ឡើយ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ៖ កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ។
សម្តេចថា ៖ «សួរថា យើងធ្វើអ្វី? ដេកអះពោះ?»។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា មិនដូច្នោះឡើយ គឺរដ្ឋាភិបាល រក គ្រប់មធ្យោបាយ ដើម្បី បញ្ចប់ ការវាយគ្នា កុំឱ្យខ្ទេចច្រើនពេក ជាក់ស្តែងការវាយប្រហារគ្នា ប្រាំ នាំឱ្យមាន ការ ស្លាប់ ការរបួស និងការជម្លៀសមនុស្ស រាប់សែននាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បាន លើកឡើងពីអភិក្រម ដែលបានអនុវត្ត ដោយមិន លើកពីដំណោះស្រាយតាមអារម្មណ៍នោះឡើយ។
បើតាម សម្តេច អភិក្រម មាន២ គឺទីមួយ ៖កន្លែងណាដែលមានបញ្ហា ដូចជាបាតុភាពនៅបន្ទាយមានជ័យ ឬយុទ្ធជន១៨នាក់ កម្ពុជាប្រឹងធ្វើយ៉ាងណាដើម្បីទប់កុំឱ្យ រាលដាល។ នៅកន្លែងកើតហេតុ កាត់បន្ថយនូវផលប៉ះពាល់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាន និងឱ្យបាន លឿនបំផុត និងរកវិធីស្តារឡើងវិញនូវកន្លែងនោះ ជាពិសេស ការរកវិធីបញ្ចប់ជម្លោះ។
នាយករដ្ឋមន្ត្រីលើកថា ៖ បើ«តាមហ្វេសប៊ុក រឿងច្រើន កន្លែងខ្លះច្របូកច្របល់។ ឱ្យតែឃើញគេឈូសផ្លូវ មិន ដឹងឈូស នៅកន្លែងណាទេ ហ្វេសប៊ុក យកដាក់ថា គេឈូសយកដីខ្មែរទៀតហើយ។ វាបង្កើតនូវភាព ច្របូក ច្របល់មិន ច្បាស់លាស់»។ សម្តេចពន្យល់ថា បើមានការផ្ទុះអាវុធ អាទិភាព ធំបំផុតគឺការទប់ស្កាត់មិនឱ្យមាន ការរាលដាលពីមួយកន្លែងទៅមួយកន្លែង។
ចំណុចទីពីរ ៖ សម្តេចគូសបញ្ជាក់ថា កន្លែងដែលកើតហេតុ គឺព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយហានីភ័យ និងការបាត់បង់។
គោលដៅអភិក្រមត្រូវបានអនុវត្តដោយធ្វើយ៉ាងណាឱ្យមាន បទឈប់បាញ់ និងព្យាយាម កុំឱ្យមានការផ្ទុះអាវុធតទៅទៀត និងស្តារស្ថានការណ៍ឡើង វិញ។
«ភ្ជាប់ទំនាក់ទំនងឡើងវិញ? បងប្អូនខ្លះសួរថា ភ្ជាប់ធ្វើអី? ទាំងនោះយើងក៏មាន ទាំងនោះថៃក៏មាន។ បងប្អូននិយាយហ្នឹង ដោយអារម្មណ៍។ តែបើយើងនៅប្រើកំហឹងកំហល់ទល់គ្នា មិនមែនស្លាប់មេដឹកនាំនៅភ្នំពេញទេ។ សង្គ្រាមនៅប្រទេសផ្សេង ប្រទេសពីរវាយគ្នា មេដឹកនាំពីរបីឆ្នាំនៅដដែល តែទាំងសងខាងស្លាប់រាប់សែន រាប់លាននាក់ទៅហើយ»។ នេះជាការលើកឡើង របស់សម្តេច ហ៊ុន ម៉ាណែត ជាមួយនឹងក្តីរំពឹងនៃកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះ ជាមួយថៃ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន អ្វីដែលយើងមើលឃើញអាចវាស់បាន តែអ្វីដែលយើងមើលមិនឃើញមិនអាចវាស់បានទេ។ សម្ដេចបញ្ជាក់ថា បងប្អូនអាចរំលឹកទៅវិញនៅថ្ងៃទី២៨កក្កដា ពេលកម្ពុជា និងថៃបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី មនុស្សតិចណាស់ដែលជឿថា នឹងមានបទឈប់បាញ់នៅថ្ងៃនោះ ប៉ុន្ដែទីបំផុត ! យើងទទួលបានបទឈប់បាញ់មួយ ដូច្នេះសូមបងប្អូនជឿជាក់លើយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាលតាមរយៈយន្តការសន្ដិវិធី និងច្បាប់អន្តរជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ៖ កម្ពុជាគ្មានគោលបំណងរំលោភទៅលើដែនអធិបតេយ្យភាពរបស់ប្រទេសណាទេ ហើយក៏មិនឱ្យប្រទេសណាមករំលោភលើអធិបតេយ្យភាពរបស់កម្ពុជាដែរ។ ប៉ុន្ដែបញ្ហាជម្លោះព្រំដែនកម្ពុជាប្រកាន់ភ្ជាប់នូវនៅយន្តការដោះស្រាយបញ្ហាដោយសន្ដិវិធី ផ្លូវច្បាប់ និងយន្តការអន្តរជាតិ ៕
ដោយ ៖ សិលា