ប្រទេសចិនមិនបាននាំចូលសណ្តែកសៀងពីសហរដ្ឋអាមេរិកសោះក្នុងខែកញ្ញា ដោយនេះជាលើកទីមួយចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៨ ដែលការនាំចេញបានធ្លាក់ចុះដល់សូន្យ ខណៈដែលការនាំចេញរបស់អាមេរិកខាងត្បូងបានកើនឡើងពីឆ្នាំមុន ដោយសារអ្នកទិញបានជៀសវាងទំនិញរបស់អាមេរិកក្នុងអំឡុងពេលជម្លោះពាណិជ្ជកម្មដែលកំពុងបន្តរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។
បើយោងតាមទិន្នន័យពីរដ្ឋបាលទូទៅរបស់ប្រទេសចិនបានបង្ហាញនៅថ្ងៃចន្ទនេះថាការនាំចូលពីសហរដ្ឋអាមេរិកកាលពីខែមុនបានធ្លាក់ចុះដល់សូន្យ
ខណៈកាលពីឆ្នាំមុនការនាំចូលមានចំនួន១,៧ លានតោន។
ការនាំចេញបានធ្លាក់ចុះដោយសារតែពន្ធខ្ពស់ដែលចិនបានដាក់លើការនាំចូលរបស់សហរដ្ឋអាមេរិក។
ប្រទេសចិនគឺជាប្រទេសនាំចូលសណ្តែកសៀងដ៏ធំបំផុតរបស់ពិភពលោក។
លោក Wan Chengzhi អ្នកវិភាគប្រចាំក្រុមហ៊ុន Capital Jingdu Futures បាននិយាយថា “នេះជាចម្បងដោយសារតែពន្ធ។ ក្នុងឆ្នាំធម្មតា សណ្តែកចាស់មួយចំនួននឹងនៅតែចូលក្នុងទីផ្សារ” ។
ការនាំចូលពីប្រេស៊ីលកាលពីខែមុនបានកើនឡើង ២៩,៩% ពីមួយឆ្នាំទៅមួយឆ្នាំកើនដល់ ១០,៩៦ លានតោន ស្មើនឹង ៨៥,២% នៃការនាំចូលសណ្តែកសៀងសរុបរបស់ប្រទេសចិន ខណៈដែលការនាំចូលពីប្រទេសអាហ្សង់ទីនបានកើនឡើង ៩១,៥% ដល់ ១,១៧ លានតោន ឬ ៩% នៃចំនួនសរុប។
ការនាំចូលសណ្តែកសៀងរបស់ចិនបានកើនដល់ ១២,៨៧ លានតោនក្នុងខែកញ្ញា ដែលជាកម្រិតខ្ពស់បំផុតទីពីរក្នុងកំណត់ត្រា។ ប្រទេសចិនមិនបានទិញទំនិញសណ្តែកសៀងរបស់សហរដ្ឋអាមេរិកពីការប្រមូលផលក្នុងរដូវស្លឹកឈើជ្រុះនេះទេ។
បើគ្មានដំណោះស្រាយនៅក្នុងកិច្ចចរចាពាណិជ្ជកម្មទេ កសិករអាមេរិកអាចប្រឈមមុខនឹងការខាតបង់រាប់ពាន់លាន ដោយសារក្រុមហ៊ុន Crusher របស់ចិនបន្តស្វែងរកប្រភពពីអាមេរិកខាងត្បូង។ យ៉ាងណាមិញ ទីក្រុងប៉េកាំងក៏អាចនឹងប្រឈមមុខនឹងវិបត្តិផ្គត់ផ្គង់ដ៏មានសក្តានុពលនៅដើមឆ្នាំក្រោយផងដែរ មុនពេលដំណាំថ្មីរបស់ប្រេស៊ីលអាចវាយលុកទីផ្សារ។
សម្រាប់រយៈពេលពីខែមករាដល់ខែកញ្ញា ប្រទេសចិនបាននាំចូល ៦៣,៧ លានតោនពីប្រេស៊ីល កើនឡើង ២,៤% ពីមួយឆ្នាំទៅមួយឆ្នាំ និង ២,៩ លានតោនពីប្រទេសអាហ្សង់ទីន កើនឡើង ៣១,៨% ពីឆ្នាំមុន៕