សេដ្ឋកិច្ចចិនកើន ៤,៨% នៅត្រីមាសទី៣ ខ្សោយជាង​គោលដៅកំណើនប្រចាំឆ្នាំ «ប្រហែល ៥ ភាគរយ»

ចែករំលែក៖

ចិន៖​ បើតាមការចុះផ្សាយរបស់កាសែត South China Morning Post បាននិយាយថា​ សេដ្ឋកិច្ចចិនបាន​កើនឡើង ៤,៨ ភាគរយ នៅត្រីមាសទី ៣ ឆ្នាំ ២០២៥ ដោយស៊ីគ្នានឹង​ការរំពឹងទុក ប៉ុន្តែខ្សោយជាងអត្រាកំណើនគោលដៅប្រចាំឆ្នាំ «ប្រហែល ៥ ភាគរយ» ដោយសារតែភាព​តានតឹងពាណិជ្ជកម្មជាមួយ​អាមេរិក និងកម្សោយតម្រូវការក្នុងស្រុក។

កាសែត South China Morning Post បាននិយាយបន្ថែមថា​ ទិន្នន័យកំណើនសេដ្ឋកិច្ចចុងក្រោយ​​ ដែលត្រូវបាន​ចេញដោយការិយាល័យស្ថិតិជាតិចិន​ (NBS) នៅថ្ងៃចន្ទនេះ ​ខ្ពស់ជាងបន្តិចទៅនឹង​ការព្យាកររបស់សេដ្ឋវិទូ ៤,៧៦ ភាគរយ ក្នុងរបាយការណ៍ស្ទង់មតិរបស់ក្រុមហ៊ុន​ផ្តល់ទិន្នន័យហិរញ្ញវត្ថុចិន Wind ។ យ៉ាង​ណាមិញ វាគឺជាការធ្លាក់ចុះ បើធៀប​ទៅនឹង​កំណើនប្រចាំត្រីមាសទី ២ ប្រមាណ ៥,២ ភាគរយ និង ៥,៤ ភាគរយ នៅត្រីមាសទី១។​ ប៉ុន្តែកំណើនសម្រាប់រយៈពេល ៩ ខែដើមឆ្នាំ (៣ ត្រីមាស) ស្ថិតនៅអត្រាប្រមាណ ៥,២ ភាគរយ ដោយ​ប្រហាក់ប្រហែលនឹង​គោលដៅរដ្ឋាភិបាល «ប្រហែល ៥ ភាគរយ»។

ទិន្នន័យនៅត្រីមាសទី ៣ បង្ហាញថា ចិន​នៅតែបន្តប្រឈម​នឹងបញ្ហា​ផ្សេងទៀត​សម្រាប់កំណើនប្រកបដោយនិរន្តរភាព រួមទាំងភាពតានតឹងពាណិជ្ជកម្មជាថ្មីជាមួយសហរដ្ឋអាមេរិក កម្សោយតម្រូវការក្នុងស្រុក​ ​និងការបន្តជាប់គាំងនៃទីផ្សារអចលនទ្រព្យ ដែល​រួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចប្រទេស។

ទោះបីបែបនេះក្ដី អ្នកនាំពាក្យរបស់ NBS បាននិយាយថា សេដ្ឋកិច្ចចិន «បានទប់ទល់នឹងសម្ពាធ និងសម្រេចបាននូវវឌ្ឍនភាពដ៏លំបាក» ដោយបន្ថែមថា វានៅតែមាន «លក្ខខណ្ឌអំណោយផលជាច្រើន​» ដើម្បីឈានដល់គោលដៅ​ប្រចាំឆ្នាំ។

មន្រ្តីដដែលបានបន្តថា៖ «មានមូលដ្ឋានគ្រឹះ​ ការគាំទ្រដ៏រឹងមាំសម្រាប់ការសម្រេចបាននូវគោលដៅប្រចាំឆ្នាំ ប៉ុន្តែវាក៏នឹងតម្រូវឱ្យមានការខិតខំប្រឹងប្រែង​យ៉ាងខ្លាំងផងដែរ»។

ឥឡូវនេះ សេដ្ឋវិទូមួយ​ចំនួនកំពុង​ទន្ទឹមរងចាំមើលថាតើរដ្ឋាភិបាលនឹង​ដាក់ចេញគោលនយោបាយជំរុញកំណើនដែរឬយ៉ាងណា រួមទាំងតាមរយៈការជំរុញតម្រូវការ និងទីផ្សារអចលនទ្រព្យ។

...

ទិន្នន័យរបស់ NBS បាន​បង្ហាញថា ការលក់រាយបានកើនឡើង ៣% នៅខែ​កញ្ញា ស្របតាមការព្យាករ​ ប៉ុន្តែបានធ្លាក់ចុះពីកំណើន ៣,៤ ភាគរយ នៅខែសីហា។ ​ផលិតកម្មឧស្សាហកម្មវិញ បានកើនឡើង ៦,៥ ភាគរយ ដោយលើសកំណើន ៥,២ភ ភាគរយ នៅខែសីហា ចំពេលដែល​ការវិនិយោគលើអចលនទ្រព្យបានធ្លាក់ចុះ ១៣,៩ ភាគរយ ពីដើមឆ្នាំដល់ខែកញ្ញា ដោយ​កាន់តែធ្ងន់ធ្ងរធៀបនឹង​ការធ្លាក់ចុះ ១២,៩ ភាគរយ នៅ ៨ ខែដើមឆ្នាំ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print