អ្នកវិភាគវាយតម្លៃខ្ពស់ចំពោះប្រទេសចិន ដែលប្រកាសគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និង ផលប្រយោជន៍អភិវឌ្ឍន៍

ចែករំលែក៖

អ្នកវិភាគវាយតម្លៃខ្ពស់ ចំពោះប្រទេសចិន ដែលប្រកាសគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និង ផលប្រយោជន៍អភិវឌ្ឍន៍ ហើយនឹងតែងតែជាដៃគូ ដែលអាចទុកចិត្តបាន ក្នុងការអភិវឌ្ឍ របស់កម្ពុជា។

កាលពីពេលថ្មីៗនេះ តាមរយៈផេកផ្លូវការ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បញ្ជាក់ សារជាថ្មីម្តងទៀតថា «ចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍»។ អ្នកវិភាគ លោកបណ្ឌិត កៅ មុយថង សូមវាយតម្លៃខ្ពស់ថា សារនេះ គឺជាការបង្ហាញយ៉ាងច្បាស់អំពីការគាំទ្រជាសាធារណៈ របស់សាធារណរដ្ឋប្រជាមានិតចិន ចំពោះកម្ពុជា ក្នុងក្របខ័ណ្ឌនៃការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ក្នុងកម្រិតខ្ពស់បំផុត ដើម្បីការពារខឿនអធិបតេយ្យភាពជាតិ សន្តិសុខ និង ផលប្រយោជន៍អភិវឌ្ឍន៍។ 

លោកបណ្ឌិតថា ក្នុងសេចក្តីថ្លែងការណ៍ក៏មានការសង្កត់ធ្ងន់ផងដែរថា ចិននឹងនៅតែជាដៃគូដែលអាចជឿទុកចិត្តបានក្នុងការអភិវឌ្ឍរបស់កម្ពុជា។

«មែនទែន ទោះបីជាសេចក្តីថ្លែងការណ៍នេះ សរសេរខ្លី ប៉ុន្តែ ខ្ញុំអាចចាត់ទុកថា មានអត្ថន័យយ៉ាងច្បាស់ ក្នុងការផ្តល់នូវភាពកក់ក្តៅ ក្នុងស្មារតីគាំទ្រផ្នែកយុទ្ធសាស្ត្រ ដល់ប្រជាជនកម្ពុជា ក្នុងការអនុវត្តកិច្ចការផ្ទៃក្នុង និងគោលនយោបាយការបរទេសរបស់កម្ពុជា យើងឱ្យមានឯករាជ្យភាព និង ភាពម្ចាស់ការ»។

លោកបន្តថា ការគាំទ្រនេះ គឺបានបង្ហាញច្បាស់ ពីការអនុវត្ត តាមបែបផែនសំខាន់ៗ ៣ចំណុច រួមមាន ការគាំទ្រផ្នែកនយោបាយ និងអធិបតេយ្យភាពជាតិ, ការគាំទ្រផ្នែកសន្តិសុខ និងយោធា និងចំណុចមួយទៀត បង្ហាញថា ចិនជាដៃគូដែលអាចជឿទុកចិត្តបាន ក្នុងការអភិវឌ្ឍរបស់កម្ពុជា ដោយក្នុងនោះ ចិនគឺជាអ្នកវិនិយោគធំជាងគេ ជាពិសេស ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវថ្នល់ ស្ពាន និង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ជាដើម ហើយចិន ក៏អ្នកផ្តល់ជំនួយដ៏សំខាន់សម្រាប់កម្ពុជាផងដែរ។

«ជារួម ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការជួយឧបត្ថម្ភគាំទ្រនេះ គឺធ្វើឡើងតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print