ភ្នំពេញ៖ ដើម្បីបង្ការ ការពារសុខភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨-១៩ ខែតុលា បានចុះពិនិត្យ ស្រាវជ្រាវស្វែងរកផលិតផលប្រេងឆា មិនមានអនុលោមផ្នែកគុណភាព និងក្លែងក្លាយ ដែលបានប្រកាសដោយអាជ្ញាធរសុវត្ថិភាពម្ហូបអាហារវៀតណាម។ ការចុះត្រួតពិនិត្យនេះ ក្រោយការជូនដំណឹងតាមប្រព័ន្ធអនឡាញ របស់រដ្ឋបាលសុវត្ថិភាពម្ហូបអាហារវៀតណាម (VFA) ចុះផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានរកឃើញ ក្រុមហ៊ុនវៀតណាមមួយផលិត និងជួញដូរផលិតផលប្រេងឆាមួយចំនួន មានគុណភាពអន់ ជាទំនិញក្លែងក្លាយ ហើយបានចែកចាយទៅកាន់ខេត្ត-ក្រុងជាច្រើននៅទូទាំងប្រទេសវៀតណាម។
យោងសេចក្តីជូនដំណឹង តាមប្រព័ន្ធអនឡាញ របស់រដ្ឋបាលសុវត្ថិភាពម្ហូបអាហារ វៀតណាម (VFA) ចុះផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដែលបានរកឃើញ ក្រុមហ៊ុន GF Vietnam Food Co., Ltd. អាសយដ្ឋាន៖ ភូមិ Yen Phu ឃុំ Nguyen Van Linh ខេត្ត Hung Yen ផលិត និងជួញដូរផលិតផលប្រេងឆាមួយចំនួនម៉ាក៖
ប្រេងឆា CHICA,TAMIN GOLD, GOLDMAX, TOT និងម៉ាក MEGAFOOD មានគុណភាពអន់ ជាទំនិញក្លែងក្លាយ ហើយបានចែកចាយទៅកាន់ខេត្ត-ក្រុងជាច្រើននៅទូទាំងប្រទេសវៀតណាម។
ក្នុងប្រតិបត្តិការនោះ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តរតនគិរី បានបន្តចុះពិនិត្យ ស្រាវជ្រាវស្វែងរកផលិតផលប្រេងឆាមិនមានអនុលោមផ្នែកគុណភាព និងក្លែងក្លាយ ដែលបានប្រកាសដោយអាជ្ញាធរសុវត្ថិភាពម្ហូបអាហារវៀតណាម។
សម្រាប់សកម្មភាពនៃប្រតិបត្តិការរយៈពេលពីរថ្ងៃនេះ មន្រ្តីជំនាញបានចុះត្រួតពិនិត្យ ស្រាវជ្រាវ តាមបណ្ដាផ្សាររដ្ឋ ផ្សារឯកជន តូបលក់ទំនិញ ម៉ាត នៅក្នុងរាជធានីភ្នំពេញ និង បណ្តាខេត្តគោលដៅ ដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចំនួន១០៧ ទីតាំង។
ជាលទ្ធផល មន្រ្តី ក.ប.ប. មិនទាន់បានរកឃើញផលិតផលប្រេងឆាក្លែងក្លាយទាំង ៥ម៉ាក ដែលប្រកាសដោយអាជ្ញាធរសុវត្ថិភាពម្ហូបអាហារវៀតណាម នៅឡើយ។
មន្រ្តី ក.ប.ប. សហការជាមួយមន្រ្តីនៃអង្គភាពពាក់ព័ន្ធ នឹងបន្តស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរក និងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះផលិតផលក្លែងក្លាយទាំងនេះ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន កុំទិញ លក់ ឬប្រើប្រាស់ផលិតផលប្រេងឆាដែលមានម៉ាកខាងលើ និងក្នុងករណីពើបប្រទះ សូមធ្វើការទំនាក់ទំនងតាមរយៈ CCF Complaint App, លេខទូរសព្ទ ១២៦៦ ដើម្បីមានវិធានការតាមនីតិវិធី ឱ្យបានទាន់ពេលវេលា៕ដោយ៖តារា