ភ្នំពេញ ៖ ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានមួយចំនួនដោយផ្អែកលើរបាយការណ៍ ដែលមានចរិត នយោបាយ ថា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជា សហវិនិយោគិនជាមួយនឹងក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី (Jin Bei) ដែលមានមូលដ្ឋាននៅទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្រសួងមហាផ្ទៃ ជាថ្មីម្តងទៀត មានកិត្តិយសសូមបំភ្លឺជូនសាធារណមតិជាតិ និងអន្តរជាតិ មេត្តា ជ្រាបដូចខាងក្រោម៖
១. លោកអភិសន្តិបណ្ឌិត ស សុខា ពុំមានការពាក់ព័ន្ធ និងពុំមានភាគហ៊ុនណាមួយ ជាមួយនឹងអាជីវកម្មកាស៊ីណូ ជីន ប៉ី (Jin Bei) ដូចការលើកឡើងក្នុងរបាយការណ៍ និងការចោទប្រកាន់នោះឡើយ ។
២. ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ លោកអភិសន្តិបណ្ឌិត ស សុខា បាននិងកំពុងខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងមិនខ្លាចនឿយហត់ ក្នុងការ សម្របសម្រួលដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងការគ្រប់គ្រងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សំដៅទប់ស្កាត់ និងលុបបំបាត់បទល្មើសគ្រប់ប្រភេទ ជាអាទិ៍ បទល្មើសបច្ចេកវិទ្យា, អំពើជួញដូរមនុស្សគ្រប់ទម្រង់, បទល្មើសជួញដូរគ្រឿងញៀន ទទួលបានលទ្ធផលល្អប្រសើរ ជាបន្តបន្ទាប់ រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។ ជាក់ស្តែង ក្នុងរយៈ ពេល ៩ខែ ឆ្នាំ២០២៥ ក្រោមការយកចិត្តទុកដាក់ និងការដឹកនាំបញ្ជាផ្ទាល់ពី លោកអភិសន្តិបណ្ឌិត ស សុខា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ៤៨ លើក (ឃាត់ខ្លួនបញ្ជូន ទៅតុលាការ ១៦៨នាក់ និងបណ្តេញចេញពីកម្ពុជា ២.៧២២នាក់), បទល្មើសជួញដូរមនុស្ស ១៤៧ ករណី (ឃាត់ខ្លួន ២០៥នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងរំដោះ ជនរងគ្រោះ ៤៨៣នាក់), បទល្មើសគ្រឿងញៀន ៦.៩១៤ករណី (ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ១៧.៤០៦នាក់ រឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានប្រមាណ ៧តោន និង ៥០៩គ.ក ព្រមទាំងសារធាតុគីមីផ្សំ ប្រមាណ ៤៨តោន) ។
៣. ផ្អែកលើសមិទ្ធផលសម្រេចបានកន្លងមកនេះ និងក្នុងស្មារតីបន្តលើកកម្ពស់បរិយាកាស សន្តិសុខឱ្យកាន់តែប្រសើរឡើង លោកអភិសន្តិបណ្ឌិត ស សុខា កំពុងបន្តខិតខំដឹកនាំ បំពេញភារកិច្ចស្នូលនេះ សំដៅការពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែសកម្ម និងទទួលបាន ប្រសិទ្ធភាពកាន់តែខ្ពស់ថែមទៀត ដើម្បីធានាបានរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ ជាមួយគ្នានេះ បន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ភាគីពាក់ព័ន្ធទាំង ជាតិ និងអន្តរជាតិ ។
៤. ក្រសួងមហាផ្ទៃ ច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ ទាំងឡាយដែលភ្ជាប់ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅនឹងបញ្ហាខាងលើ ។ ទង្វើនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនៃស្ថាប័នជាតិ ទាំងមូល និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ជាពិសេសជះឥទ្ធិពលអវិជ្ជមានមកលើកិច្ចខិតខំ ប្រឹងប្រែងដែល លោកអភិសន្តិបណ្ឌិត ស សុខា ដឹកនាំ និងសម្រេចបានលទ្ធផល នាពេល កន្លងមក ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ៕
ដោយ ៖ សិលា