ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍បានច្រានចោលចំពោះអត្ថបទព័ត៌មាន ដែលចេញផ្សាយមានចរិតបំភាន់ មូលបង្កាច់ និងគ្មានវិជ្ជាជីវៈ ដោយសារព័ត៌មានថៃ The Nation Thailand កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដែលថា “សាធារណៈរដ្ឋកូរ៉េផ្អាកគម្រោងគាំទ្រវិស័យ គ្រប់គ្រងទឹកនៅកម្ពុជា ឬ Seoul halts water-management support project in Cambodia” ដោយភ្ជាប់រូបថត នៃពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក្រសួងឧ .វ.ប.ន.) និងវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង (STEPI)។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពទំនាក់ទំនងសាធារណៈ នៃក្រសួងឧស្សាហកម្ម បានបំភ្លឺថា ១.កិច្ចសហប្រតិបត្តិការរវាងក្រសួងឧ.វ.ប.ន. និង វិទ្យាស្ថាន STEPI កំពុងបន្ត និងគ្មានការរំខាន៖ ក្រសួងឧ.វ.ប.ន. និង វិទ្យាស្ថាន STEPI កំពុងបន្តកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងគម្រោងសិក្សាស្តីពីតំបន់បញ្ជូនវានុវត្តន៍ឧស្សាហកម្ម (Industrial Innovation Clusters)។ រាល់សកម្មភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាង ស្ថាប័នទាំងពីរកំពុងដំណើរការជាប្រក្រតី និងប្រកបដោយភាពស្ថាបនា។
២. កាសែត The Nation Thailand បាននិងកំពុងអនុវត្តខុសក្រមសីលធម៌សារព័ត៌មានយ៉ាង ធ្ងន់ធ្ងរ៖ ស្ថាប័ននេះបានប្រើប្រាស់ និងបង្ហាញខុសនូវរូបថតនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងឧ.វ.ប.ន. និង វិទ្យាស្ថាន STEPI ដោយចេតនាបំភាន់ថា កិច្ច សហប្រតិបត្តិការនេះត្រូវបានផ្អាក។ ទង្វើបំភ្លៃការពិតនេះបង្ហាញពីការខ្វះការទទួលខុសត្រូវក្នុង វិជ្ជាជីវៈ ក្នុងចេតនាបំផ្លាញកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាលកម្ពុជា និងបំភាន់អ្នកអាននៅទូទាំងពិភព លោក។
អង្គភាពទំនាក់ទំនងសាធារណៈ នៃក្រសួងឧស្សាហកម្ម ចាត់ទុក ការរាយការណ៍ព័ត៌មាននេះ ថាជាការប៉ុនប៉ងបំភាន់សាធារណមតិ និងបង្ខូចកិច្ចសហប្រតិបត្តិការរបស់កម្ពុជា និងសាធារណរដ្ឋកូរ៉េ។ យើងបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីរាយការណ៍ព័ត៌មាន ដោយគ្មានវិជ្ជាជីវៈ និងការទទួលខុសត្រូវនេះ។
ក្រសួងឧស្សាហកម្ម បន្តផ្តល់តម្លៃ និងលើកកម្ពស់ភាពជាដៃគូដ៏ ជិតស្និទ្ធ និងមិត្តភាពជាមួយរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដោយផ្អែកលើស្មារតីនៃការជឿ ទុកចិត្តគ្នាទៅវិញទៅមក តម្លាភាព និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះក្រសួងឧស្សាហកម្ម ក៏សូមស្នើឱ្យសាធារណៈជន និងស្ថាប័នព័ត៌មានទាំងអស់ផ្ទៀងផ្ទាត់ព័ត៌មាន ពីប្រភពដែលគួរ ឱ្យទុកចិត្ត និងផ្លូវការ ហើយសូមកុំពឹងផ្អែកលើបណ្តាញផ្សព្វផ្សាយដែលមានចរិតលម្អៀង គ្មានក្រមសីលធម៌ វិជ្ជាជីវៈ ដែលផ្សព្វផ្សាយព័ត៌មានខុសពីការពិត៕
ដោយ៖តារា










