ក្លឹបយក្សរបស់ប្រទេសស្កុតឡេនRangers បានតែងតាំងអតីតគ្រូបង្វឹកក្រុម Sheffield Wednesday លោក Danny Rohl ជាអ្នកចាត់ការថ្មីរបស់ពួកគេដើម្បីជំនួសតំណែងលោក Russell Martin។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់វ័យ ៣៦ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះមកដឹកនាំក្រុម Rangers ដោយគាត់បានចាកចេញពីក្លឹបWednesdayនៅក្របខណ្ឌអង់គ្លេសChampionshipដោយការយល់ព្រមទៅវិញទៅមកក្នុងខែកក្កដា តិចជាងពីរសប្តាហ៍មុនពេលចាប់ផ្តើមរដូវកាល ក្រោយបានដឹកនាំតាំងពីខែតុលា ឆ្នាំ 2023 ហើយបានដឹកនាំពួកគេទៅកាន់ចំណាត់ថ្នាក់ទី 12 កាលពីរដូវកាលមុន។
នោះជាតួនាទីអ្នកចាត់ការជាន់ខ្ពស់ដំបូងរបស់លោក Danny Rohl ដែលធ្លាប់បម្រើការជាជំនួយការអ្នកចាត់ការនៅ RB Leipzig, Southampton, Bayern Munich និងជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់។
ចំណែកលោកMartin ត្រូវបានបណ្តេញចេញនៅថ្ងៃទី ៥ ខែតុលា បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ខកចិត្តមួយ ដែលបានឈ្នះមួយដងក្នុងការប្រកួតចំនួន ៧ លើក បានធ្វើឱ្យ Rangers ធ្លាក់ចេញពីចំណាត់ថ្នាក់ល្អនៅក្នុងតារាង Scottish Premiership ។
Rangers ស្មើ ២-២ នៅផ្ទះ Dundee United កាលពីថ្ងៃសៅរ៍ ហើយកំពុងឈរនៅលេខរៀងទី ៦ ក្នុងតារាងដែលមាន ១៣ ពិន្ទុតាមពីក្រោយក្រុម Hearts ។
ការប្រកួតដំបូងរបស់លោក Rohl គឺជាការប្រកួតក្រៅដីជួបក្រុមន័រវេស SK Brann ក្នុងការកម្មវិធី Europa League នៅថ្ងៃព្រហស្បតិ៍។ Rangers បានចាញ់ការប្រកួតបើកឆាកទាំងពីររបស់ពួកគេពេលប៉ះជាមួយ Genk និង Sturm Graz ក្រោមការដឹកនាំរបស់ Martin ៕










