មន្តីជាន់ខ្ពស់រុស្ស៊ី បានលើកឡើងថា ពិភពលោកកំពុងប្រឈមនឹងស្ថានការណ៍សន្តិសុខដ៏ផុយស្រួយ ចាប់តាំងពីសង្រ្គាមលោកលើកទី២។ ការផុយស្រួយនោះអាចបង្កើតអោយមានសង្គ្រាមកើតឡើងនៅគ្រប់ទីកន្លែងជុំវិញពិភពលោក អាចជំរុញអោយមានសង្គ្រាមលោកលើកទី ៣ បើមិនមានការអត់ធ្មត់នោះ។
សារព័ត៌មាន Reuters បានផ្សាយថា ប្រមុខចារកម្មរុស្ស៉ី SVR លោក Sergei Naryshkin បាននិយាយថាពិភពលោកសព្វថ្ងៃកំពុងប្រឈមនឹងស្ថានការណ៍សន្តិសុខដ៏ផុយស្រួយដែលតម្រូវឱ្យមានឆន្ទៈក្នុងការសម្រុះសម្រួលគ្នាដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមលោកថ្មីណាមួយផ្ទុះឡើង។
ការកត់សម្គាល់ខាងលើរបស់លោក Sergei Naryshkin ត្រូវបានស្រង់សម្ដីចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃអង្គារ ទី២១ ខែតុលា។ លោក Naryshkin បានគូសបញ្ជាក់ថា «ពិភពលោកកំពុងប្រឈមនឹងស្ថានការណ៍សន្តិសុខដ៏ផុយស្រួយបំផុត ចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២មក ក្នុងបរិបទនៃការប្រែប្រួលសណ្ដាប់ធ្នាប់ពិភពលោក»។ លោកបន្តថា បច្ចុប្បន្ន បណ្ដាប្រទេសមហាអំណាចធំៗរបស់ពិភពលោក កំពុងប្រជែងគ្នាដើម្បីកំណត់ច្បាប់នៃអនាគតសណ្ដាប់ធ្នាប់ពិភពលោក។
លោក Naryshkin ក៏បានគូសបញ្ជាក់ឡើងវិញផងដែរពីជំហររបស់វិមានក្រឹមឡាំងដែលថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងបំផ្លាញដំណើរការស្វែងរកសន្តិភាពនៅអ៊ុយក្រែន។ រុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២៕ ដោយធីរីណា