ចិនតែងតែគាំទ្រកម្ពុជាលើគោលនយោបាយសន្តិភាពនិយម

ចែករំលែក៖

ភ្នំពេញ ៖ អ្នកសិក្សាស្រាវជ្រាវនៅកម្ពុជាយល់ឃើញថា ចិនតែងតែគាំទ្រកម្ពុជា លើគោលនយោបាយសន្តិភាពនិយម ក្នុងជម្លោះព្រំដែន ជាមួយប្រទេសក្បែរខាង។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រាប់ នៅថ្ងៃទី២១ ខែតុលា ថា ជាញឹកញាប់ តាំងពីមានបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ចិនតែងតែបង្ហាញពីការគាំទ្រកម្ពុជា លើគោលនយោបាយសន្តិភាពនិយម ជាមួយនឹងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាស នៅបណ្តាញសង្គមផ្លូវការថា ប្រទេសចិនគាំទ្រកម្ពុជា យ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ហើយ នឹងតែងតែជាដៃគូដែលអាចទុកចិត្តបាន ក្នុងការអភិវឌ្ឍ របស់កម្ពុជា។

ក្នុងនាមអ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន បណ្ឌិត ជា មុនីឫទ្ធិ យល់ថា ប្រសាសន៍ដ៏ច្បាស់លាស់របស់ លោក Wang Wenbin បានបង្ហាញពីការគាំទ្រកម្ពុជាលើគោលនយោបាយសន្តិភាពនិយម និងកិច្ចការពារអធិបតេយ្យរបស់ខ្លួន ដែលកម្ពុជាតែងបានគូសរំលេច ម្តងហើយម្តងទៀត នៅរាល់វេទិកាអន្តរជាតិទាំងអស់ និងរាល់ទម្រង់ការទូតរបស់កម្ពុជា ហើយនេះ មិនមែនជាលើកទី១ ដែលប្រទេសចិនបានអះអាង ពីការគាំទ្រកម្ពុជា លើការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នោះទេ។

ក្រៅពីនេះ បណ្ឌិត ជា មុនីឫទ្ធិ អះអាងថា សារនេះ ក៏បង្ហាញពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ដែល ចិនបានធ្វើការគូសបញ្ជាក់សារជាថ្មីឡើងវិញថា ចិនបាននិងកំពុងគាំទ្រដល់ស្ថិរភាពនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រទេសចិនតែងតែជាដៃគូដែលអាចទុកចិត្តបាន ក្នុងការអភិវឌ្ឍ របស់កម្ពុជា ដូចទៅនឹងរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសរំលេចពីរយៈពេល៣ត្រីមាសនៃស្ថានភាពវិនិយោគរបស់ចិននៅកម្ពុជា។

«ទាំងនេះនៅមិនទាន់រាប់បញ្ចូលជំនួយបច្ចេកទេស និងហិរញ្ញប្បទាន រួមជាមួយគម្រោងនានាតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវទាក់ទងនឹងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវល្បឿនលឿន ព្រលានយន្តហោះជាដើម»

ក្រៅពីនេះ ក៏បង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង និងយូរអង្វែងរបស់កម្ពុជា។ យ៉ាងណា លោកបណ្ឌិត ចាត់ទុកថា «សន្តិភាពតំបន់ និង សន្តិសុខសកល» មិនមែនត្រឹម តែជាបំណងប្រាថ្នារួម សម្រាប់កម្ពុជានិងចិន ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្រាប់តំបន់អាស៊ានទាំងមូល ដែលនឹងក្លាយជាគំរូភាព ដល់ពិភពលោកទាំងមូល ក្នុងការទទួលយកគោលការណ៍សន្តិភាព ដោយគោរពបូរណភាព, អធិបតេយ្យភាព និង ច្បាប់អន្តរជាតិ ស្របតាមធម្មនុញ្ញ អង្គការសហប្រជាជាតិ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print