ភ្នំពេញ៖ …..លោក សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានតៀមបង្កើតឱ្យមានផ្សាររាត្រីមួយកន្លែង (ឥណ្ឌូនេស៊ី) នៅលើផ្លូវថ្មើជើងចតុមុខ (Chaktomuk Walk Street)។ គម្រោងនេះនឹងត្រូវធ្វើ ឡើងនៅថ្ងៃទី២២ ឬ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ទំនៀមទំលាប់ របាំប្រពៃណីនិងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ។
លោកសាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo បានបញ្ជាក់ឱ្យដឹងបែបនេះ ក្នុងជំនួប សម្ដែងការគួរសមជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះនៅសាលារាជធានីភ្នំពេញ។
លោក សាន់តូ ជាម៉ូស៊ូម៉ាតូ បានបញ្ជាក់ថា៖ រាជធានីភ្នំពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ហើយអ្វីដែលស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីចង់បាន គឺធ្វើការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហ ប្រតិបត្តិការជាមួយកម្ពុជា។ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅកម្ពុជា មានកំណើន កាន់តែកើនឡើង ។ទន្ទឹមនិងកំណើននេះលោក ក៏បានអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ក្នុងការសម្រួលដល់ការរស់នៅ និងការរកស៊ីរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅរាជធានីភ្នំពេញ។ មកដល់ពេលនេះនៅរាជធានីភ្នំពេញ មានភោជនីយដ្ឋានរបស់ឥណ្ឌូនេស៊ីរហូតទៅដល់៦កន្លែង ដែលជាក្តីសង្ឃឹមនៃកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដែលធ្វើឲ្យកម្ពុជាមានកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀតនៅក្នុងតំបន់អាស៊ាន។
លោក ឯកអគ្គរដ្ឋទូត បានបន្តថា ការបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ នៅរាជធានីភ្នំពេញបានធ្វើឱ្យកើនឡើង នូវវិស័យទេសចរណ៍ ដោយបង្កើតឲ្យមានកម្មវិធីកំសាន្តយ៉ាងច្រើននៅលើផ្លូវស្មើជើងចតុមុខនេះ។ ជាគម្រោងរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីយើងនឹងអាចដាក់ឲ្យមានផ្សារ រាត្រីឥណ្ឌូនេស៊ីមួយ នៅផ្លូវថ្មើជើងចតុមុខ។ គម្រោង នេះនឹងមានការតាំងបង្ហាញផលិតផល ការបង្ហាញវប្បធម៌ របាំប្រពៃណីនិងម្ហូបអាហាររបស់ឥណ្ឌូនេស៊ី។ ការបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនេះឡើង វានឹងអាចឲ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ីនិងប្រជាពលរដ្ឋកម្ពុជា កាន់តែមានទំនាក់ទំនងភាពស្និទ្ធស្នាល មួយកម្រិតថែមទៀត។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្រេចផ្ដល់ជូនទៅឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បង្កើតឲ្យផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើជើងចតុមុខ (Chakt omukWalk Street) ដោយ ឯកឧត្ដម ស្នើឱ្យស្ថានទូត ឥណ្ឌូនេស៊ីជ្រើសរើសទីតាំងឱ្យបានច្បាស់លាស់ដើម្បីឱ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងរបស់រាជធានីភ្នំពេញ អាចការពារសន្តិសុខជូនកាន់តែល្អប្រសើរថែមទៀត។ នៅផ្លូវថ្មើជើងចតុមុខ មានទីតាំងលក់សម្ភារៈប្រើប្រាស់ អាហារហូបចុក ជម្រុះជាតិសាសន៍ មានរបាំងប្រពៃណី និងលក់វត្ថុអនុស្សាវរី យ៍ ដែលអាចឱ្យភ្ញៀវបរទេស មកដើរលេងកំសាន្តបានយ៉ាងសប្បាយ។
លោក ឃួង ស្រេង ក៏បានអរគុណ ចំពោះស្ថានទូតឥណ្ឌូនេស៊ី ដែលមានបំណង បង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើជើងចតុមុខនេះ ដែលនេះជាការលើកទឹកចិត្ត ជាការផ្ដល់កម្លាំងចិត្ដឱ្យរដ្ឋបាលរាជធានីភ្នំពេញបង្កើតឱ្យមានផ្លូវថ្មើជើងចតុរមុខនេះកាន់តែល្អប្រសើរមួយកម្រិតទៀត ។ សម្រាប់កម្ពុជា និងឥណ្ឌូនេស៊ីមានទំនាក់ទំនងការទូតជាមួយ គ្នាតាំងពីឆ្នាំ១៩៥៩មកម៉្លេះ ដែលគិតមកដល់ពេលនេះគឺមានរយៈពេល៦៦ឆ្នាំហើយ។ ឥណ្ឌូនេស៊ីបានរួមចំណែកស្វែងរកសន្និភាពពីសំណាក់ឥស្សរជនកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ(Soekano)និងលោកអាលីអាឡាតាស(Ali Alatas)។ ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោហ៊ុនសែន និងសម្តេចធិបតីហ៊ុន ម៉ាណែត បានប្រសិទ្ធនាម ផ្លូវចំនួន២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េ ប្រវែង៦២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពានព្រែកព្នៅ ជាមហាវិថីស៊ូកាណូ (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េប្រវែង៥ ៣៥៤ម៉ែត្រ ទទឹងប្រវែង១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទី តាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា មហាវិថី អាលី អាឡាតាស់ (Ali Alatas Boul evard)។ឈ្មោះផ្លូវទាំងពីរខ្សែនេះនឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។
សូមបញ្ជាក់ដែរថា៖ ឥណ្ដូនេសុី ក៏បានចូលរួមយ៉ាងសកម្ម ជាកម្លាំងអនុព័ន្ធយោធារបស់ ឥណ្ឌូណេស៊ី ដែលបានចុះត្រួតពិនិត្យបទឈប់បាញ់ រវាងកម្ពុជានិងថៃនៅព្រំដែនក្រោយពីការប៉ះទង្គិចគ្នាប្រាំថ្ងៃ ដែលបានធ្វើឱ្យ កាត់បន្ថយបាននូវការស្លាប់និងរបួសទាហានកម្ពុជា និងទាហានថៃ ៕. ដោយ សំរិត










