ទីក្រុងសៀងហៃ៖ យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Huangshi (Group) Dairy Co., Ltd. ដែលជាសហគ្រាសផលិតទឹកដោះគោរួមបញ្ចូលគ្នាឈានមុខគេមួយរបស់ប្រទេសចិន ដែលបានចុះបញ្ជីជាសាធារណៈនៅលើផ្សារហ៊ុន Shenzhen កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងសៀងហៃ ប្រទេសចិន។
រដ្ឋបាលខេត្ត បានឱ្យដឹងទៀតថា ក្រុមហ៊ុនគ្រប់គ្រងខ្សែសង្វាក់តម្លៃទឹកដោះគោរួមបញ្ចូលគ្នាយ៉ាងពេញលេញពីការចិញ្ចឹមក្របី និង R&D រហូតដល់ការកែច្នៃ ការវេចខ្ចប់ និងចែកចាយខ្សែសង្វាក់ទូទាំងប្រទេសចិន។ ក្នុងជំនួបនេះក្រុមហ៊ុនមានបំណងចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះសីហនុ។
សូមជម្រាបជូនថា៖ រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលជូនអ្នកវិនិយោគទាំងអស់ដែលមានបំណងចង់មកវិនិយោគនៅខេត្តព្រះសីហនុ ឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះ នៅថ្ងៃដដែល ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Zhongang Technology Co., Ltd នៅទីក្រុងសៀងហៃ ប្រទេសចិន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៥ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ជូនថា រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងសម្រប សម្រួលជូនអ្នកវិនិយោគទាំងអស់ដែលមាន បំណងចង់មកវិនិយោគនៅខេត្តព្រះសីហនុ ឱ្យបានឆាប់រហ័ស តម្លាភាព និងមាន ប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា ក្រុមហ៊ុន Zhongang Technology Co., Ltd. មានបំណងចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះសីហនុ។
ក្រុមហ៊ុន Zhongang Technology Co., Ltd. ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ទូលំទូលាយដែលមានឯកទេសខាងម៉ូតូកង់បីអគ្គិសនី EVs ឧបករណ៍ប្រើប្រាស់ពន្លឺ និងរថយន្តចល័តដែលមានគោលបំណងពិសេស ក្រុមហ៊ុននេះរួមបញ្ចូលការរចនាយានយន្ត ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការផលិតគ្រឿងបន្លាស់ ក្រោមស្តង់ដាររថយន្តពេញលេញ៕
ដោយ៖តារា










