សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែតុលា បានផ្សាយថា កិច្ចប្រជុំកំពូលដែលត្រូវបានគ្រោងទុករវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានពន្យារពេល បន្ទាប់ពីទីក្រុងមូស្គូ បានច្រានចោលសំណើបទឈប់បាញ់បន្ទាន់មួយនៅអ៊ុយក្រែន ដែលនេះកំពុងធ្វើឱ្យមានភាពមិនច្បាស់លាស់លើកិច្ចប្រឹងប្រែងស្ដារកិច្ចចរចាឡើងវិញដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាម។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reutersថា មិនមានគម្រោងសម្រាប់លោកប្រធានាធិបតី ត្រាំ ជួបលោកប្រធានាធិបតី ពូទីន ក្នុងពេលអនាគតដ៏ខ្លីខាងមុខនោះទេ ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov សម្រេចចិត្តលុបចោលជំនួបដោយផ្ទាល់ដែលត្រូវបានគ្រោងទុកថានឹងរៀបចំឡើងនៅទីក្រុង Budapest នៅក្នុងសប្ដាហ៍នេះ។
លោក ត្រាំ កាលពីសប្ដាហ៍មុន បានប្រកាសថា រូបលោកនិងលោក ពូទីន នឹងត្រូវជួបគ្នាឆាប់ៗក្នុងប្រទេសហុងគ្រី ដើម្បីជំរុញកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពឆ្ពោះទៅមុខ ប៉ុន្តែការបដិសេធរបស់ទីក្រុងមូស្គូពិចារណាលើសម្បទាន បានធ្វើឱ្យការរៀបចំកិច្ចប្រជុំត្រូវជាប់គាំង។ រុស្ស៉ីបានទទូចថា អ៊ុយក្រែនត្រូវតែបោះបង់ចោលទឹកដី មុននឹងបទឈប់បាញ់ណាមួយចូលជាធរមាន៕ ដោយធីរីណា
រូបថត: AFP










