មេដឹកនាំអាស៊ាន និងចិនបានសន្យាថានឹងរក្សាការអត់ធ្មត់ក្នុងការដោះស្រាយវិបត្តិនៅដែនសមុទ្រភាគខាងត្បូង ។ ការសន្យានោះស្ថិតនៅក្នុងសេចក្តីប្រកាសរួមក្រោយកិច្ចប្រជុំនៅទីក្រុងវៀនចាន់ប្រទេសឡាវ។
សារព័ត៌មាន Strait Times បានដកស្រង់សេចក្តីប្រកាសរួមបញ្ជាក់ថា «យើងសូមបញ្ជាក់ពីការគោរពក៏ដូចជាសន្យាចំពោះសេរីភាពចរាចរណ៍ដែនសមុទ្រ ដែនអាកាស នៅតំបន់សមុទ្រចិនភាគខាងត្បូង ដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិ ក្នុងនោះមានច្បាប់ស្តីពីដែនសមុទ្ររបស់អង្គការសហប្រជាជាតិ UNCLOS ឆ្នាំ១៩៨២ ។ ទទឹមនឹងនោះនិងដោះស្រាយវិវាទដែនអធិបេយ្យដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សា ដោយមិនចាំបាច់គំរាមកំហែងដោយអាវុធ ។ កិច្ចពិភាក្សាធ្វើឡើយដោយភាគីពាក់ព័ន្ធផ្ទាល់ សមស្របទៅនឹងច្បាប់អន្តរជាតិ»។
នៅក្នុងសេចក្តីប្រកាសរួមលើកនេះធ្វើឡើងចំពេលខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតទំនាក់ទំនង ពិភាក្សា រវាងចិននិង អាស៊ាន។ នៅក្នុងសេចក្តីប្រកាសរួមរបស់អាស៊ានចិន បានបញ្ជាក់ថា «យើងបានសន្យារក្សាការអត់ធ្មត់ក្នុងការអនុវត្តសកម្មភាពដែលអាចធ្វើឲ្យមានភាពស្មុគស្មាញនិងតានតឹងកាន់តែខ្លាំងឡើង ប៉ះពាល់ដល់សន្តិភាពស្ថេរភាពក្នុងតំបន់»។
ដើម្បកាត់បន្ថយការប៉ះទង្គិចគ្នាជាយថាហេតុ ភាគីទាំងពីរក៏បានឯកភាពអនុវត្តិច្បាប់បញ្ចៀសការប៉ះទង្គិចទាំងនៅលើដែនសមុទ្រ ដោយមានបណ្តាញទំនាក់ទំនងទាន់ហេតុការដើម្បីដោះស្រាយហេតុការបន្ទាន់។
ភាពតានតឹងរវាងចិននិងប្រទេសតំបន់អាស៊ាន បានកើនឡើងជាបន្តបន្ទាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពាក់ព័ន្ធដែនអធិបតេយ្យភាព។ ចិនបានប្រកាសពីដែនអធិបេយ្យរបស់ខ្លួនគ្រប់គ្រងនៅសមុទ្រចិនភាគខាងត្បូងស្តើតែទាំងស្រុង បើទោះបីមានការប្រឆាំងពីសហគមន៍អន្តរជាតិក្តី។ មិនត្រឹមតែប៉ុណ្ណោះចិនបានប្រើប្រាស់អំណាចយោធាដើម្បីគ្រប់គ្រងនៅទីនោះទៀតផង៕
ប្រែសម្រួល៖ ម៉ែវ សាធី