សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃអង្គារ ទី២១ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោករំពឹងថា នឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ប្រសើរមួយ ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង អំឡុងកិច្ចប្រជុំ APEC នៅឯប្រទេសកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយ ក៏ប៉ុន្តែលោកបានព្រមានថា ជំនួបនោះប្រហែលអាចនឹងត្រូវលុបចោលវិញ ក៏ថាបានដែរ។
លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា «ឥឡូវនេះ យើងនឹងទទួលបានកិច្ចព្រមព្រៀងស្មើភាពមួយ ហើយខ្ញុំគិតថា យើងនឹងមានការជួបប្រជុំដ៏ជោគជ័យមួយ។ ពិតណាស់ មានមនុស្សជាច្រើន កំពុងទន្ទឹងរង់ចាំជំនួបនោះ»។ យ៉ាងណាមិញ លោកប្រធានាធិបតីអាមេរិក បានបន្ថែមយ៉ាងដូច្នេះថា «ប៉ុន្តែវាក៏ប្រហែលនឹងមិនកើតឡើងផងដែរ ព្រោះអ្វីៗអាចទៅរួចទាំងអស់»។ ប្រសិនបើ ជំនួបកើតឡើងមែន វានឹងជាលើកដំបូងដែលមេដឹកនាំទាំងពីរ ជួបមុខគ្នាផ្ទាល់ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចនៅសេតវិមាន សាជាថ្មី។
កាលពីថ្ងៃទី១០ ខែតុលា លោក ត្រាំ ធ្លាប់បានព្រមានលុបចោលកិច្ចប្រជុំជាមួយលោក ស៉ី និងគំរាមដំឡើងពន្ធបន្ថែមលើចិននៅដើមខែក្រោយ បន្ទាប់ពីទីក្រុងប៉េកាំង បានពង្រីកការរឹតត្បិតលើការនាំចេញរ៉ែកម្រ ប៉ុន្តែលោកបានដកសម្តីវិញ។ លោក ត្រាំ ហាក់បានបន្ទន់ឥរិយាបថម្តងទៀត កាលពីដើមសប្តាហ៍នេះ ដោយនិយាយថា អ្នកទាំងពីរនឹងជួបគ្នា ហើយលោក អាចនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងឆ្នាំក្រោយ។
លោក ស៉ី មិនមែនជាមេដឹកនាំតែម្នាក់ ដែលត្រូវលោក ត្រាំ បង្ហាញអារម្មណ៍ម្តងបែបនេះម្តងបែបនោះដាក់ឡើយ។ តួយ៉ាង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក ត្រាំ បាននិយាយថា លោកនឹងជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅឯទីក្រុងប៊ុយដាប៉ែសនៃប្រទេសហុងគ្រី ក្នុងរយៈពេល២សប្តាហ៍ទៀត ដើម្បីពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែកាលពីថ្ងៃអង្គារសប្តាហ៍នេះ សេតវិមាន បានចេញមកនិយាយវិញថា សម្រាប់ពេលនេះ គឺមិនមានផែនការសម្រាប់ជំនួបត្រាំ-ពូទីន ក្នុងពេលឆាប់ៗខាងមុខទេ៕
រូបថត: AFP