ផ្លូវលំក្រាលក្រួសក្រហមប្រវែងជាង ៥០០ម៉ែត្រត្រូវរងការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សាឆ្នាំ២០២៥កន្លងទៅនេះ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំសហការីទៅត្រួតពិនិត្យស្ថានភាពផ្លូវលំក្រាលក្រួសក្រហមមួយខ្សែដែលរងការខូចខាត ប្រវែងជាង ៥០០ម៉ែត្រដោយសារជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សាឆ្នាំ២០២៥ កន្លងទៅនេះ នៅតំបន់អូរពពេល ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែប្រវែង ២១,២៥០គីឡូម៉ែត្រដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២៥កន្លងទៅនេះ បានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងខែកញ្ញា និងខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ និងមួយផ្នែកទៀតរងការខូចខាតដោយរថយន្តធុនធ្ងន់ដឹកជញ្ជូនលើសទម្ងន់កំណត់ ឆ្លងកាត់លើកំណត់ផ្លូវនេះ ដែលបណ្ដាលឲ្យមានការប្រេះ និងខូចខាតប្រវែងជាង ៥០០ម៉ែត្រ​។  តែនៅពេលនេះរថយន្តដឹកជញ្ជូនធុនស្រាល និង​មធ្យោបាយ​ធ្វើដំណើរ​ផ្សេង​ៗ​នៅអាចធ្វើដំណើរបានជាធម្មតា នៅតំបន់អូរពពេល ស្ថិតនៅក្នុងភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវនិងសំណូមពរដល់ក្រុមអាជីវករ និងបណ្ដាក្រុមហ៊ុននានាដែលមានភារកិច្ចដឹកជញ្ជូនសម្ភារៈ ឬផលិតផល និងទំនិញផ្សេងៗឆ្លងកាត់តំបន់នេះ មិនត្រូវប្រើប្រាស់រថយន្តធុនធ្ងន់ ឫដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់តទៅទៀតបានឡើយ ព្រោះអាចបណ្ដាលឲ្យខូចខាតផ្លូវនេះបន្ថែមទៀត ដោយ​ស្ថានភាពផ្លូវ​នៅជ្រាយនៅឡើយ ដែលអាចបណ្ដាលឲ្យខូចខាតបន្ថែមទៀតផងដែរ ។

នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានឧបត្ថម្ភស៊ីម៉ងត៍ និងសម្ភារៈមួយចំនួន ផ្ដល់ជូនអាជ្ញាធរឃុំ រួមជាមួយប្រជាការពារ និងប្រជាពលរដ្ឋ ដើម្បីដំណើរការជួសជុលកម្រិតស្រាល នៅលើស្ថានភាពផ្លូវប្រេះស្រាំជាបណ្ដោះអាសន្នសិន ហើយនៅពេលរដូវប្រាំងខាងមុខនេះនឹងស្នើសុំស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលជួសជុលផ្លូវនេះឲ្យមានដំណើរការល្អប្រសើរឡើងវិញ ក្នុងការបម្រើជូនប្រជាពលរដ្ឋដឹកទំនិញ និងកសិផលផ្សេងៗ ធ្វើដំណើរប្រកបដោយសុវត្ថិភាព

...

 

 

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print