ខេត្តកណ្តាល ៖ ជនសង្ស័យជាចោរម្នាក់បានបន្លំធ្វើជាមកទិញអីវ៉ាន់ លុះពេលឃើញឱកាសល្អក៏ធ្វើសកម្មភាពចាប់ក្រៀកច្របាច់កស្ត្រីជាអ្នកលក់ដូរម្នាក់ពីក្រោយ រួចសង្កត់កជនរងគ្រោះផ្ទុបទៅនឹងក្តារ ហើយបានទាញផ្តាច់ខ្សែករបស់ជនរងគ្រោះ រួចរត់គេច ត្រូវជនរងគ្រោះរត់ដេញតាមពីក្រោយ និងស្រែកឆោឡោផ្អើលអ្នកជិត ខាងជួយដេញតាមចាប់បានជនសង្ស័យ យកប្រគល់ឱ្យសមត្ថកិច្ច ។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង២៣នាទីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្ទះលក់ដូរមួយកន្លែង ក្នុងភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកHONDAកូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1C.6599 បានបន្លំធ្វើជាមកចាក់សាំង១លីត្រ នៅកន្លែងផ្ទះលក់ដូរមួយកន្លែង ហើយឱ្យជនរងគ្រោះចូលទៅយកដែកកេះចចំនួន២ឱ្យខ្លួន ។ ពេលជនរងគ្រោះចូលទៅយកដែកកេះ ឃើញមានឱកាសល្អ ជនសង្ស័យក៏បានចូលទៅក្រៀកច្របាច់កជនរងគ្រោះពីក្រោយរួចសង្កត់កជនរងគ្រោះ
ផ្ទុបទៅនឹងក្តារ ហើយបានទាញផ្តាច់ខ្សែករបស់ជនរងគ្រោះ និងរត់គេចចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវជនរងគ្រោះរត់ដេញតាមពីក្រោយដោយស្រែកថា ចោរៗ ឮដូចនេះអ្នកជិតខាងជូយដេញចាប់ជនសង្ស័យបាន និងរាយការញ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងធំមកអន្តរាគមន៍នាំខ្លួនជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍។
ជនរងគ្រោះ ឈ្មោះង៉ែត គុន្ធា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ចំណែកជនសង្ស័យឈ្មោះសាយ គា ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។
វត្ថុតាងដកហូតរួមមាន:
1.ម៉ូតូម៉ាកHONDA កូរ៉េ១គ្រឿង ព៏ណក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1C.6599។
2.លោហៈធាតុព៌ណលឿង១ខ្សែកទម្ងន់៣ជី៥ហ៊ុន (ជារបស់ជនរងគ្រោះ) ។
3.លោហៈធាតុព៌ណលឿង១ខ្សែប្រភេទខ្សែដៃទម្ងន់៩ជី០៩ហ៊ុន (របស់ជនសង្ស័យ)
៤-លោហៈធាតុព៌ណលឿង១ខ្សែ ប្រភេទខ្សែក៏ទម្ងន់២ជី៨៣ហ៊ុន
៥-កូនកាបូបដៃដាក់លុយ១ ពណ៌ខ្មៅ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកំហែងយកខ្សែកពីជនរងគ្រោះប្រាកដមែន មូលហេតុដោយសារខ្លួនត្រូវការប្រាក់យកទៅសងបំណុលគេ ។
ក្រោយពីសាកសួររួច កម្លាំងប៉ុស្ដិ៍សំរោងធំក៍បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅអធិការស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕










