ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៤និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានបុរសជនបរទេសម្នាក់ស្រែកឡូឡា និងរត់ចុះឡើងនៅម្តុំរង្វង់មូលតោពីរ ក្រុងព្រះសីហនុ កម្លាំងនគរបាលបានចុះអន្តរាគមន៍ភ្លាមៗ ហើយនាំយកបុរសនោះមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសួរនាំ និងកំណត់អត្តសញ្ញាណ ។
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១០នាទី ក៏មានបុរសជនជាតិកូរ៉េម្នាក់ឈ្មោះ KIM YOUNG KOOK បានមកដល់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សួររកកូនប្រុសរបស់ខ្លួនឈ្មោះ KIM MINHYEOG អាយុ៤៣ឆ្នាំ ដែលបានបាត់ខ្លួន ដោយគាត់បានបញ្ជាក់ថា កូនរបស់គាត់មានបញ្ហាផ្នែកសុខភាពផ្លូវចិត្ត ហើយសុំអនុញ្ញាតយកកូនរបស់ខ្លួនត្រឡប់ទៅប្រទេសកូរ៉េវិញ ដើម្បីព្យាបាល ។
ក្រោយពេលបានពិនិត្យអត្តសញ្ញាណត្រឹមត្រូវ សមត្ថកិច្ចបានអនុញ្ញាតឲ្យលោក KIM YOUNG KOOK ត្រូវជាឪពុកនាំយកកូនរបស់គាត់ត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីទទួលការថែទាំ និងព្យាបាល ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអរគុណដល់ប្រជាពលរដ្ឋ ដែលបានជួយផ្តល់ព័ត៌មានដល់សមត្ថកិច្ច បានចុះអន្តរាគមន៍ទាន់ពេល និងសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តសហការជាមួយកម្លាំងសមត្ថកិច្ច ដោយជូនដំណឹងអំពីស្ថានភាព ឬសកម្មភាពគួរសង្ស័យផ្សេងៗ ដើម្បីថែរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តព្រះសីហនុទាំងមូល ៕










