ភ្នំពេញ៖ ឆ្លើយតបតំណាងអាជីវករផ្សារគីឡូម៉ែត្រលេខ៩ ដែលស្នើឱ្យអាជ្ញាធរចុះពិនិត្យករណី មានបុគ្គលម្នាក់ អះអាងថាខ្លួនជាប្រធានផ្សារគីឡូម៉ែត្រលេខ៩ហើយដើរប្រមូលយកលុយ ឬភាស៊ី ពីអាជីវករ យ៉ាងអាណាធិបតេយ្យ ដោយប្រើពាក្យសម្ដីមិនសមរម្យ ដែលបង្កការលំបាក និងការខ្នាក់ខ្នក់ចិត្តដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋនោះ ត្រូវបាន លោក ឯក ឃុនដឿន អភិ បាលរងរាជធានីភ្នំពេញ ស្នើរឱ្យអភិបាលខណ្ឌ និងអធិការខណ្ឌប្ញ ស្សីកែវចុះពិនិត្យ និងបញ្ជាឱ្យចាត់វិធាន ការផ្លូវច្បាប់ ឬឃាត់ខ្លួនប្រសិនបើរកឃើញថា បានប្រព្រឹត្តទង្វើនេះពិតប្រាកដមែន ។
ការថ្លែងបែបនេះរបស់ លោក ឯក ឃុនដឿន អភិបាល រងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌឬស្សីកែវ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជរធានីភ្នំពេញ។
លោក ឯក ឃុនដឿន បានបញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋា ភិបាលកំពូល ជាពិសេសសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នបានយកចិត្តទុកដាក់ជាខ្លាំង លើសុខទុក្ខបងប្អូនអាជីករ រហូតចេញបទបញ្ជាឱ្យលុបបំបាត់ ការយកភាស៊ី ចំពោះអ្នកលក់ដូរ តាមកញ្ច្រែង កញ្ជើរ ឬល្អីជាដើម ជាពិសេសលុបបំបាត់ភាស៊ីខុសច្បាប់តែម្តង ។ ដូច្នេះសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធចុះ អនុវត្តស៊ើបអង្កេត និងឃាត់ខ្លួនជនបង្កនោះតែម្តង ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ចំពោះជនឆ្លៀតឱកាសបែបនេះ ។
លោក ឯក ឃុនដឿន បានបញ្ជាក់ថា “ត្រូវប្តេជ្ញាធានាទាំងអស់គ្នា មិនឱ្យជនឆ្លៀតឱកាសណា យកលុយអាណាធិបតេយ្យ លើការលក់ដូរចញ្ជើមផ្លូវទេ គ្រប់គ្នាទាំងអស់គ្នា មានចាប់ទៅ ចាប់យកមកធ្វើកំណត់ហេតុ សាកសួរ បើអត់មានឯកសារ ឬគោលការណ៍ច្បាស់លាស់ រុញទៅជញ្ជីង សុំគោលការណ៍មេ រុញទៅជញ្ជីងដាក់ទ្រុងទៅ នេះជាកិច្ចការងារមួយដែលយើងត្រូវធ្វើ” ។
លោក ម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់រួបរួមសាមគ្គីគ្នាជាថ្លុងមួយ ក្នុងពេលដែលប្រទេសជាតិ កំពុងប្រឈម នឹងការឈ្លាន ពានពីប្រទេសជិតខាង និងឱ្យពលរដ្ឋទាំងអស់ត្រៀមខ្លួន ដើម្បីវាយបកជាមួយ នឹងកម្លាំងខាងក្រៅ ដែលញុះញ៉ង់ឱ្យខ្មែរបែកបាក់ និងចង់បំផ្លិចបំផ្លាញកម្លាំងសាមគ្គីរបស់ខ្មែរ ។
ក្នុងវេទិការនោះមានប្រជាពលរដ្ឋ១០នាក់ បានលើកឡើងពីសំណូមពរផ្ទាល់មាត់ ក្នុងវេទិកា និងមានជាលាយលក្ខអក្សរជាច្រើនផងដែរ។
លោក ឯក ឃុនដឿន បានអរគុណចំពោះប្រជាពល រដ្ឋទាំងអស់ ដែលបានលើកឡើងនូវសំណូមពរ និងបញ្ហាជាច្រើនដើម្បីជាធាតុចូល ជាមួយអាជ្ញាធរ អាចពិនិត្យនិងដឹងយកទៅដោះស្រាយជូន ក្នុងនោះ ឯកឧត្តមអភិបាលរងក៏បានទទួលស្តាប់ និងឯកភាពតាមសំណើរជាច្រើន តួរយ៉ាងកិច្ចការផែនការរៀបចំសណ្តាប់ធ្នាប់ផ្សារ និងផ្លូវតែម្តង ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ដល់ការអនុវត្តនូវ គោលនយោបាយកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលតាមរយៈបើកវេទការសាធារណៈតាំងតែពីសង្កាត់ ខណ្ឌ រហូតដល់ថា្នក់ក្រុង ដើម្បីឆ្លើយតបតាមសំណូមពរ របស់ប្រជាពលរដ្ឋ ដែលពួកគាតត្រូវការ នៅមូលដ្ឋានផ្ទាល់ ៕
















