ចាប់ឡានដឹកឈើយកទៅទុកក្នុងអធិការក្រុងបានលុង ព្រឹកឡើងបញ្ជូនទៅរដ្ឋបាលព្រៃឈើលំផាត់ សល់តែបន្តិចសង្ស័យសមត្ថកិច្ចឃុបឃិតគ្នា

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តដឹកឈើប្រណីតពេញ ប្រភេទសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2N-2491 មួយគ្រឿង ត្រូវបានកម្លាំង នៃគណៈបញ្ជាការឯកភាពក្រុងបានលុង ចាប់បង្ក្រាបយកទៅទុក ក្នុងអធិការក្រុងលុះព្រឹកឡើងថ្ងៃទី៧ ខែកញ្ញ្ញា ទើបបញ្ជូនទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើ ឃើញសល់តែឈើបន្តិចបន្តួច ទុកជាភស្តតាង សង្ស័យសមត្ថកិច្ចឃុបឃិតគ្នា ។

រថយន្តសាំយ៉ុង ដែលត្រូវចាប់បង្ក្រាបនោះ គឺបានធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ចំណុចត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុងភូមិសិលសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តសាំយ៉ុងដឹកឈើ គឺដឹកចេញពីក្នុងខេត្តរតនគិរី ក្នុងគោលដៅឆ្ពោះទៅច្រករបៀងភូមិភិៈ ក្នុងស្រុកអូរយ៉ាដាវ ដើម្បីយកទៅលក់នៅប្រទេសវៀតណាម ហើយក្នុងមួយរថយន្តសាំយ៉ុង ត្រូវគេដឹងថា អាចផ្ទុកបានចំនួនប្រហែលជាង៣ម៉ែត្រគូបឯណោះ ប៉ុន្តែដោយឡែក ឈើប្រណីតដែលសមត្ថកិច្ចចម្រុះក្រុងបានលុង បានចាប់បញ្ជូនមកទុកក្នុងអធិការក្រុង ត្រូវគេសង្គេតឃើញថា បានផ្ទុកទៅដោយឈើប្រណិត ប្រភេទធ្នង់ពេញរថយន្ត ស្រាប់តែព្រឹកឡើង អ្វីដែលគួរសោកស្តាយនោះ គឺសល់តែឈើប្រណិតបន្តិចបន្តួចតែប៉ុណ្ណោះ ដើម្បីទុកជាភស្តតាងអោយមេព្រៃឃើញហើយវាស់វែង ។

ទាក់ទិននឹងករណីបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើនេះ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅលោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុងដែរ កាលពីល្ងាចម្សិលមិញ នាវេលាម៉ោង១៦និង៣០នាទី ដើម្បីចង់ដឹងថា ឈើដែលបង្ក្រាបបាននោះ មានចំនួនប៉ុន្មាន តែលោកនិយាយថា លោកជាប់ប្រជុំ មិនទាន់ចប់ហើយព្រឹកមិញ មានសំណុំរឿងសត្វព្រៃបីបួននៅមិនទាន់់ចប់ នៅកំពុងធ្វើការ ។ ចំណែកឯជំនាញរដ្ឋបាលព្រៃឈើ គេសង្ស័យថា បានឃុបឃិតជាមួយបទល្មើសព្រៃឈើនៅក្នុងខេត្តមួយនេះ ។

ពាក់ព័ន្ធនឹងសមត្ថកិច្ចយករថយន្តទៅរក្សាទុកក្នុងអធិការក្រុងបានលុងកាលពីយប់ថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៦ លោក ហួត បុរី អធិការនគរបាលក្រុងបានលុងបានអោយដឹងនាល្ងាចម្សិលមិញថា ឡានដែលចាប់នេះ គឺកម្លាំងគណៈបញ្ជាការឯកភាពក្រុងជាអ្នកចាប់យកមកផ្ញើទុកក្នុងអធិការក្រុង ហើយលោកថា កាលពីយប់នោះ លោកមិនបានពិនិត្យមើលថា ឈើក្នុងរថយន្តសាំយ៉ុងដឹកឈើនោះមានប៉ុន្មានដុំនោះទេ សួរទៅអភិបាលក្រុងទៅ ។

ចំពោះរឿងនេះ អ្នកយកព័ត៌មានយើងក៏បានទំនាក់ទំនងទៅលោក ងិន ណែល អភិបាលក្រុងបានលុងដែរតែទូរស័ព្ទនិយាយស្តាប់គ្នាមិនបាន ហើយអ្នកយកព័ត៌មានយើងបានព្យាយាមទំនាក់ទំនងទៅទៀតតែលោកមិនលើកទូរស័ព្ទ ។

សូមបញ្ជាក់ផងដែរថា រថយន្តសាំយ៉ុងដឹកឈើពេញដែលកម្លាំងគណៈបញ្ជាការឯកភាពក្រុងចាប់បញ្ជូនយកទៅផ្ញើទុកក្នុងអធិការក្រុងបានលុង លុះព្រឹកឡើងបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើលំផាត់នោះត្រូវគេសង្ស័យថាសមត្ថកិច្ចមានការឃុបឃិតគ្នាជាមួយឈ្មួញនាពេលយប់ដើម្បីរំដោះយកឈើចេញអស់ជាច្រើនពីក្នុងរថយន្តក្នុងន័យរកផលប្រយោជន៏ផ្ទាល់ខ្លួន ៕

vuth-1 vuth-2 vuth-3

ដោយ៖ វុទ្ធឦសាន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print