កម្លាំងនគរបាលឃាត់ជនសង្ស័យ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ដែលឆក់កាបូបបណ្ដាលឱ្យជនរងគ្រោះដួល

ចែករំលែក៖

ខេត្តសៀមរាប÷ ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង ១៩ និង៣០នាទី នៅត្រង់ចំណុចតាមបណ្ដោយផ្លូវ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប មានករណីលួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់ហិង្សា(ឆក់កាបូប) ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បណ្ដាលឱ្យជនរងគ្រោះ ឈ្មោះព.ស.ប ភេទ ស្រី អាយុ១៩ឆ្នាំ ដួលម៉ូតូអូសនឹងថ្នល់កៅស៊ូ របួស បែកចិញ្ចើមខាងឆ្វេង និងដាច់រលាត់លើផ្ទៃមុខ ស្មា ដៃ ជង្គង់ ព្រមទាំងបាត់បង់កាបូប ដែលនៅក្នុងនោះមាន ប្រាក់៤៥០,០០០រៀល ទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPHONE 11 ពណ៌ខ្មៅ, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត រួចជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្រោយពីទទួលបណ្ដឹង និងសេចក្ដីរាយការណ៍ពីជនរង គ្រោះ លោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំងនគរបាល ចុះធ្វើការស្រាវជ្រាវរហូតដល់កំណត់មុខ សញ្ញាបាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៨ និង៣០នាទី ឃាត់ខ្លួនបានជនសង្ស័យមួយនាក់ មានឈ្មោះ ស៊ិន ពុទ្ធបញ្ញារិទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាងដែក បច្ចុប្បន្នរស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ព្រៃស ពាក់ព័ន្ធករណីឆក់) យកទៅធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះពិតប្រាកដមែន ដោយកាបូប,អត្តសញ្ញាណបណ្ណ ខ្លួនបានយកទៅបោះចោលនៅមុខប្រាសាទតាព្រហ្មខាងលិច ហើយប្រាក់ដែលនៅក្នុងកាបូប រូបខ្លួនបានយកទៅចាយវាយអស់, ទូរស័ព្ទរបស់ជនរងគ្រោះ មិនមានជាប់លេខកូដខ្លួនក៏យកមកប្រើប្រាស់ផងដែរ។

ប្រតិបត្តិការនេះនគរបាលដកហូតវត្ថុតាងបាន ម៉ូតូ ០១គ្រឿង និងទូរស័ព្ទរបស់ជនរងគ្រោះចំនួន០១គ្រឿង ហើយកម្លាំងសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀនក្នុងខ្លួន)។

...

បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print